វ៉ែនតាខ្មៅត្រូវបានបំពាក់បច្ចេកវិទ្យាថតរូប នឹងកំណត់អត្តសញ្ញាណផ្ទៃមុខ។
តាម BBC នោះ វ៉ែនតាខ្មៅ ដែឡត្រូវបានតភ្ជាប់នឹងមូលដ្ឋានទិន្នន័យផ្ទៃក្នុងដែលស្តុកទុក ព័ត៌មានពីឧក្រិដ្ឋជន ជួយឲ្យប៉ូលិសអាស្កែនផ្ទៃមុខសញ្ញាសង្ស័យ ស្ថិតក្នុងហ្វូងមនុស្ស ដើម្បីកំណត់បានមុខសញ្ញាល្មើស ធ្វើការបង្ក្រាបភ្លាមៗ។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នោះប្រភេទវ៉ែនតាខ្មៅនេះ បានជួយឲ្យប៉ូលិសចាប់បានជនសង្ស័យជាឧក្រិដ្ឋជន ៧នាក់ នៅស្ថានីយ៍រថភ្លើងដ៏អ៊ូរអរ១ នាខេត្តចេងចូវ។
ជនសង្ស័យទាំង ៧រូបនេះ សុទ្ធសឹងជាមុខសញ្ញារងការចោទប្រកាន់ទោសពីបទភេរវកម្ម និងជួញដូរមនុស្ស។ ការសាកល្បងនេះ ប៉ូលិសក៏បានរកឃើញជនប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ២៦នាក់ផងដែរ។
បច្ចេកវិទ្យានេះជួយឲ្យប៉ូលិសថតរូបជនសង្ស័យ រួចបញ្ជូនវាឲ្យធ្វើការប្រៀបធៀបរូបភាពក្នុងមូលដ្ឋានទិន្នន័យផ្ទៃក្នុង។ ប្រសិនបើដូចគ្នាមែននោះព័ត៌មានទាំងអស់ត្រូវបានបញ្ជូនឲ្យអ្នកកំពុងប្រើប្រាស់ “វ៉ែនតា” វិញ ដែលរួមមាន៖ អត្តសញ្ញាណ និងអាសយដ្ឋានជនសង្ស័យ (ឬមុខសញ្ញា)។
ចិនជាប្រទេសដំបូង នាំមុខពិភពលោក ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់អត្តសញ្ណាណផ្ទៃមុខ ហើយជារឿយៗតែងប្រកាសប្រាប់ ទុកជាការព្រមានចំពោះពលរដ្ឋ ពីបរិក្ខារទាំងនេះ ព្រោះថា ៖ ពួកគេពុំអាចគេចពីភ្នែក… សមត្ថកិច្ចបានទេ!
ប្រទេសចិនកំពុងស្ថាបនារបស់ដែលហៅថា ៖ “បណ្តេញឃ្លាំមើល ដោយកាមេរ៉ាធំបំផុតពិភពលោក” ដោយប៉ាន់ស្មានវាប្រើប្រាស់កាមេរ៉ាសន្តិសុខ (CCTV) ប្រមាណ 170លាន ជំហានទី១ ហើយបន្ទាប់មកនឹងតម្លើងបន្ថែម ៤០០លានទៀត ក្នុងអំឡុង ៣ឆ្នាំខាងមុខ។
សំខាន់គឺកាមេរ៉ាទាំងអស់នេះ សុទ្ធសឹងប្រើប្រាស់ “បញ្ញាឆ្លាតវៃសិប្បនិមិត្ត” ក្នុងនោះមានបច្ចេកវិទ្យា សម្គាល់សណ្ឋានផ្ទៃមុខ ៕ ចន្ទ្រា