ខេត្តកណ្ដាល៖អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ និង លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានការសង្ស័យ បានឆ្លងជំងឺគ្រុនឈីក នៅឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រជាពលរដ្ឋដែលមានការសង្ស័យ បានឆ្លងជំងឺគ្រុនឈីក និងកំពុងសម្រាកព្យាបាល ចំនួន១៩នាក់ ស្ថិតនៅវត្តជ្រោយស្ដី ក្នុងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ជាថវិកាមួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋដែលមានការសង្ស័យបានឆ្លងជំងឺគ្រុនឈិក នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
ជាក់ស្តែងទិន្នន័យចុងក្រោយគិតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្រុកល្វាឯម ខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្ត ក៏បានរកឃើញអ្នកជំងឺគ្រុនឈីក១៩រូប។
ពលរដ្ឋដែលកើតជំងឺគ្រុន ឈីកនេះ រស់នៅភូមិពាមស្ដី ឃុំព្រែកឮស្សី ស្រុកល្វាឯម ដែលត្រូវបានរកឃើញនៅក្នុងចំណោមពលរដ្ឋដែលទទួលសេវាពិនិត្យរកជំងឺគ្រុន ឈីកសរុបចំនួន៣២០នាក់ រយៈពេល២ថ្ងៃនេះ ។
នៅយប់ថ្ងៃទី២៧ ខែកញ្ញា ជុំវិញស្ថានភាពសង្ស័យជំងឺគ្រុនឈីកនេះ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន ១៩នាក់ស្ថិតក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈីក។ ទាំងពុកម៉ែបងប្អូន ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។
អ្នកសង្ស័យទាំង១៩នាក់ កំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីសំណាក់មន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខណៈអ្នកទាំងត្រូវយកឈាមទៅតេស្តនៅវិទ្យាស្ថានស្រាវជ្រាវសាធារណៈរួចហើយ រង់ចាំលទ្ធផល៕ដោយ៖កូឡាប