Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំ​ឲ្យ​ប្រទេស​ចិន បន្ត​ជួយ​គាំទ្រ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​បញ្ចប់​ការគំរាមកំហែង ដោយសារ​មីន​នៅ​ឆ្នាំ​២០២៥

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ប្រទេស​ចិន បន្ត​ជួយ​គាំទ្រ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន​នៅ​ឆ្នាំ​២០២៥​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ដឹកនាំ​ប្រតិភូ​អាជ្ញាធរ​មីន ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​ចូលរួម​ដល់​ការងារ​អភិវឌ្ឍន៍ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួមមាន​ការគាំទ្រ​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​ទាំង​ថវិកា បច្ចេកទេស និង​សម្ភារៈ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​គោលដៅ​យ៉ាងច្បាស់​លាស់ ក្នុងការ​បញ្ចប់​ការគំរាមកំហែង​ដោយ​មីន ដែល​យើង​បាន​ស្គាល់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥ និង​ការកាត់បន្ថយ​អត្រា​គ្រោះ​ដោយសារ​មីន​ឲ្យ​បានជា​អតិបរមា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ប្រទេស​ចិន បន្ត​ជួយ​គាំទ្រ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​បញ្ចប់ ការគំរាមកំហែង​ដោយសារ​មីន​នៅ​ឆ្នាំ​២០២៥ និង​ដោះស្រាយ​បញ្ហា​សេសសល់​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តថា ការផ្តល់​ជំនួយ​បម្រើ​ដល់​កា​ងារ​បោសសម្អាត​មីន​មនុស្សធម៌​របស់​មិត្ត​ចិន នាពេលនេះ និង​កន្លងមក គឺជា​ចូលរួមចំណែក​ឆ្លើយតប និង​ស្របតាម​ការលះបង់ និង​គោលដៅ​ដ៏​យូរអង្វែង​របស់​សម្តេច​តេ​ជោ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន រួមមាន សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ចិន ដែល​បាន​ចូលរួម​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា តាំងពីដើម​មក​។​

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​ចិន បាន​មានប្រសាសន៍ថា រដ្ឋាភិបាល និង​ប្រជាជន​ចិន នឹង​បន្ត​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​បន្ត​គាំទ្រ​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ហើយ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​ចាត់ទុក​ការងារ​បោសសម្អាត គឺជា​ការចូលរួម​ផ្តល់នូវ​សុភមង្គល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

×