ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដោយ ហាមឃាត់ដាច់ខាត មិនឲ្យមានការដុតផាវ ដុតកាំជ្រួច លេងល្បែងស៊ីសង និងដង្ហែក្បូនផ្សេងៗ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការតាំងលក់ផាវ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញ ត្រូវដកហូត។
បើតាមចេញសេចក្ដីណែនាំ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ដុតក្រដាសនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ ក្នុងឱកាសពិធីបុណ្យនេះ មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង រាល់ការហែក្បូនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រានត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិនឲ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈ។ ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ជាពិសេសត្រូវណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តតាមការណែនាំឲ្យមានប្រសិទ្ធភាព។
បើជនណានៅតែបំពានលើសេចក្តីជូនណែនាំនេះ ឬប្រព្រឹត្តបង្កឲ្យមានចលនាសង្គម ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព៕ ដោយ៖កូឡាប