ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក (ផ្សារ makro) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក លោកអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមការងារមកពីភាគីទាំងពីរជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានជម្រាបជូនពីស្ថានភាពវិវត្តថ្មីៗនៃជំងឺកូវីដ-១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងសកលលោក។
ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ ប្រទេសកម្ពុជា បានចាត់វិធានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាច្រើន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអំពាវនាវឱ្យប្រជាកសិករត្រូវខិតខំធ្វើការដាំដុះ និងជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងការដាំដំណាំផ្សេងៗ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារថ្មីៗជូនប្រជាកសិករ ដែលជាកាលានុវត្តភាពដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម-ផលិតកម្ម ក្នុងនោះគម្រោងអេមស៍បានដើរតួយ៉ាងសំខាន់។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា កន្លងមកថ្មីៗនេះ ដោយមើលឃើញពីភាពសហប្រតិបត្តិការណ៍បានល្អ គម្រោងអេមស៍ និងផ្សារម៉ាក្រូបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នានេះឡើង ព្រោះយើងមានគោលដៅសំខាន់ៗរួមគ្នា ដែលមានដូចជា៖ បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី, កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគី, បង្កើតឱកាសសហការដែលបានកំណត់ ស្របទៅតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗ, ធ្វើជាដៃគូយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តភាពនៅក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការងារនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏មានសំខាន់មួយ រវាងភាគីទាំងពីរ នៅជំហ៊ានជាយុទ្ធសាស្ត្របន្ទាប់ទៀត ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តការលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផល ដែលគម្រោងនឹងពង្រីកវិសាលភាពអនុវត្ត និងផលិតផលសម្រេចរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសរួមចំណែកដល់ការលើកស្ទួយយុទ្ធនាការប្រើប្រាស់ផលិតផល ក្នុងស្រុកស្របតាមគោលនយោបាយ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) គម្រោងនេះដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើន ដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ ដោយប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវ៉ាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។
រយៈពេលបីខែចុងក្រោយនេះ ក្រុមការងារគម្រោងអេមស៍នៅការិយាល័យមណ្ឌលភូមិភាគពាយព្យ ជាពិសេសក្រុមការងារគម្រោងខេត្តសៀមរាប បានសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមកសិករដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ស្រែជាមួយនឹងផ្សារម៉ាក្រូ ដែលទទួលបាននូវសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយផ្សារម៉ាក្រូខេត្តសៀមរាបបានទទួលទិញបន្លែសុវត្ថិភាព ពីក្រុមកសិករផលិតរបស់គម្រោងអេមស៍ចំនួន ៤ ៣២០គីឡូក្រាម និងបានទិញមាន់ស្រែចំនួន ១៥៦គីឡូក្រាម។ ដោយឡែកផ្សារម៉ាក្រូនៅភ្នំពេញវិញ បានទទួលទិញបន្លែពីក្រុមកសិករផលិត នៅការិយាល័យមណ្ឌលភូមិភាគបូព៌ា និងឦសាន ពិសេសក្រុមកសិករផលិតនៅខេត្តកំពង់ចាម៕
ដោយ៖CEN