ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញនាយកក្រុមហ៊ុនចំនួនពីរ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។ នេះបើតាមលិខិតអញ្ជើញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្រុមហ៊ុនទាំង២នោះរួមមាន៖ លោកស្រី សូ សុផាន់នី នាយិកា ក្រុមហ៊ុន ស៊ី ឃាង និងលោក លី ហ្វ៊ូហ្វុង នាយកក្រុមហ៊ុន សហគ្រាសជួសជុល និងលក់រថយន្ត។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបលោកស្រី សូ សុផាន់នី នាយិកា ក្រុមហ៊ុន ស៊ី ឃាង និងលោក លី ហ្វ៊ូហ្វុង នាយកក្រុមហ៊ុន សហគ្រាសជួសជុល និងលក់រថយន្ត ជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ឋគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។
កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញប្រធានក្រុមហ៊ុនទាំងពីរខាងលើ ដើម្បីមកដោះស្រាយបំណុល ពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិនបា៩មកទូទាត់បំណុលពន្ធឡើយ។ អនុលោមតាមមាត្រា៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ១ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញប្រធានក្រុមហ៊ុនទាំងពីរខាងលើ មកសាខាពន្ធដារខណ្ឌដង្កោ មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះ ស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណីលោកស្រីនាយិកា និងលោកប្រធានក្រុមហ៊ុន មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ ឌីងរក្សាសិទ្ធិអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក លោកស្រីប្រធានក្រុមហ៊ុនទាំងពីរ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕ ដោយ៖កូឡាប