ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារីជំទង់ៗតែងលេងកំសាន្ត សប្បាយៗនៅពេលរាត្រីខែភ្លឺ ។ ល្បែងនេះគេលេងគ្មានកំណត់ ខែណា រដូវណាទេ នៅខែណា រដូវណាក៏បានឲ្យតែមានពេលលំហែរ ហើយគ្មានកំណត់ចំនួនមនុស្សឡើយ ។ វិធានការនៃល្បែងនេះ គឺពួកម្ខាងអ្នកពួន ពួកម្ខាងទៀតអ្នកដើររក, ការរកឃើញគេដេញចាប់ពួកអ្នកពួក ដើម្បីញៀច (មូលស្លឹកត្រចៀក) ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖
របៀបលេង ៖ មុនដំបូងគេបបួលកុមារា កុមារី ដែលមានអាយុស្របាលៗគ្នា ឲ្យបានច្រើនប្រមាណ ៥ ឬ ១០ នាក់ឡើងទៅ ស្រេចតែមានគ្នាតិច ឬច្រើនចែកជា ២ ផ្នែកស្មើគ្នា ស្រីម្ខាង ប្រុសម្ខាង ឬលាយចម្រុះគ្នាទាំងស្រីទាំងប្រុស ឬក៏សុទ្ធតែប្រុស សុទ្ធតែស្រីក៏បាន ។ គេកំណត់កន្លែងណាមួយ ដែលមានភាពដីស្រឡះ ឲ្យឈ្មោះថា ‹ទី› ហើយគេឲ្យពួកម្ខាងទៅពួន នៅទីដទៃ គឺត្រូវពួនរបៀបណា កុំឲ្យពួកម្ខាងទៀតរកឃើញបានដោយងាយ ពួកម្ខាងទៀតឈរធ្មិចភ្នែក ឬបិតភ្នែកនៅក្នុងទី ។ ត្រណមរបស់ពួកនេះនៅត្រង់ធ្មិចភ្នែក គឺគេសន្យាគ្នាថា អ្នកណាលួចមើលពួកគេអ្នកពួនឲ្យដឹងថា គេពួនត្រង់នេះ ត្រង់នោះ និងត្រូវស្អុយភ្នែក ។ ចំនួន ២-៣ នាទី ទើបពួកអ្នកនៅក្នុងទី បើកភ្នែកឡើងស្រែកថា ‹បើកគ្របបាយ កំកាយរក អ្នកណាមិនមក អញរកឃើញ› ហើយក៏ចាប់ម្នាក់រើសរកអ្នកណាមានមាឌមាំបន្តិច ក្នុងបណ្ដាពួកអ្នកនៅចាំទីនោះ ឲ្យនៅចាំទីការពារ កុំឲ្យពួកអ្នកទៅពួនរត់មកចូលទីបាន សល់ប៉ុន្មាន ឲ្យដើររកគ្រប់ទីកន្លែងដែលកំបាំងៗ ។ បើអ្នកណាមួយ ឃើញអ្នកពួនណាម្នាក់ក៏នាំគ្នាដេញចាប់ញៀច បើដេញញៀចបាន ឈ្មោះថា ស្អុយ បើមិនបាន អ្នកពួននោះរត់ចូលទីបាន ឈ្មោះថា បានរួចខ្លួន មិនត្រូវដេញញៀចគេទៀតទេ, ប៉ុន្តែអ្នកពួននោះ បើចូលទី ហើយត្រូវស្រែកឲ្យខ្លាំងៗថា ‹ចូលទី› បើមិនស្រែកទេគេមានអំណាចញៀចបានទៀត ។ លុះអ្នកដើរ រកឃើញពួកអ្នកពួនអស់ហើយ ឬបើមិនទាន់ឃើញអស់គេខំដើររកឲ្យទាល់តែឃើញ ទោះបីញៀចបានក៏ដោយ មិនបានក៏ដោយ មកជួបជុំហើយ គេក៏និយាយប្រាប់អ្នកទាំងគ្នា (ទាំងពីរផ្នែក) ថា ពួកគេញៀចបានប៉ុណ្ណេះអ្នក ប៉ុណ្ណោះអ្នក តាមតែគេញៀចបាន រួចហើយពួកអ្នកនៅចាំទីមុននោះ ទៅពួនវិញ ,ឯពួកអ្នកពួនមុនត្រូវនៅក្នុងទី ហើយដើររកគេផ្លាស់ប្ដូរគ្នាតែរបៀបនេះរហូតដល់ពេលឈប់លេង ។ ក្នុងការផា្លស់ប្ដូរនេះ គឺទៅពួនម្ដងមួយផ្នែក រួចហើយបើពួកខាងម្ខាងញៀចគេបាន ៣-៤ នាក់ ដល់ពួកម្ខាងទៀតញៀចគេវិញបានតែ ២-៣ នាក់ពួកនោះឈ្មោះថា ចាញ់គេ ។
តាមរបៀបអ្នកស្រុកខ្លះ គេលេងប្លែកពីនេះបន្តិច គឺគេប្រមូលអ្នកស្ម័គ្រលេងទាំងប៉ុន្មានមកឈរដំកង់ ហើយមា្នក់ផ្ដើមសូត្រថា ‹ត្រៃត្រក ត្រៃត្រេន› ឬថា ‹កាច់ស្លឹកឫស្សី សំដីល្ង ខែចែត្រពេញបូណ៌ លោកឲ្យលេងពួន លេងខែណា លេងខែដូងព្រះ កាច់សន្ទះមហាទង់ដែង អញ្ចែងអញ្ចាប់ អញ្ចែងចង្វាក់ អអឺតអន្ទង អំពងអំពួន ប្រពន្ធចៅហ្វាយ› ។ ក្នុងការសូត្រពាក្យទាំងនេះ គេចង្អុលបណ្ដើរទៅចំខ្លួនមនុស្សមា្នក់ៗ គឺមួយមាត់ចង្អុលម្នាក់ៗ បើអស់ចំទៅលើរូបអ្នកណា អ្នកនោះត្រូវរត់ទៅរកកន្លែងពួន រួចធ្វើដូចមុនទៀតរហូតដល់សល់តែម្នាក់ក្រោយគេទុកជាអ្នកនៅចាំទី ។ កាលណាអ្នកទៅពួនស្រែកថា ‹រួច› អ្នកចាំទៀដើរតាមរកញៀច បើញៀចបាននរណាមួយ ត្រូវប្ដូរអ្នកនោះមកចាំទីម្ដង ឯចាំទីមុន ត្រឡប់ទៅពួនវិញ តែញៀចម្ដង បានតែមួយនាក់ទេ ទោះជាគេពួននៅជិតគ្នាក៏ដោយ ហើយបើខុសពីត្រណមនេះ គេទុកជាស្អុយ គេរៀបចំលេងសារជាថ្មីម្ដងទៀត ធ្វើតែយ៉ាងនេះបន្តៗទៅ ។ ប្រសិនជា យូរពេលហើយនរណាមួយគេខ្សិលពួន អាចរត់គេចពីភ្នែកអ្នកចាំទី មកអង្គុយត្រង់ទីក៏បាន ចាំគេញៀចបាននរណាថ្មីទៀតសឹមរត់ទៅពួនម្ដងទៀតកាលណា អ្នកណាម្នាក់ ចង់ឈប់លេងត្រូវស្រែកគ្នារហូតថា ‹បើកបាយក្រហាយទឹក អ្នកណាមិនឈប់លេង› បើគេស្រែកដូច្នេះរួច អ្នកចាំទីគ្មានសិទ្ធញៀចគេទៀតទេ ។
ល្បែងនេះជាល្បែងអាចចាត់ចូលក្នុងពួកកីឡាហាត់ប្រាណបាន ត្រង់ការរត់ការស្ទុះ ការលោត ការដេញ ៕