ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី។ រដ្ឋបាលរាជធានី សម្តែងនូវការសោកស្តាយចំពោះទង្វើរបស់កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួន ដែលមិនបានគោរពតាមការព្រមព្រៀង ដូចដែលមានចែងនៅក្នុងកំណត់ហេតុអង្គប្រជុំ ដែលថាបងប្អូនកម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២០ប៉ុន្តែជាក់ស្តែង នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដដែល បងប្អូនកម្មករនិយោជិតដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀងទេ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំជាមួយសហជីព និងតំណាងបងប្អូនកម្មករ និយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី ដែលកំពុងធ្វើកូដកម្ម មិនចេញប្រមូលសំរាម ដើម្បីរកដំណោះស្រាយឱ្យបានសមស្រប តាមផ្លូវច្បាប់។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ ទទួលបានដូចខាងក្រោម៖
១- ចំពោះសំណើរបស់បងប្អូនកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយពេលបញ្ចប់កិច្ចសន្យាក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ។
២- ចំពោះការងាររបស់បងប្អូនកម្មករនិយោជិតទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បងឡើយ ទោះបីក្រុមហ៊ុន ស៊ីនទ្រី “ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។
៣- សូមឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២០ នេះតទៅ។ ប៉ុន្តែ ជាក់ស្តែង នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដដែល បងប្អូនកម្មករនិយោជិតដែលជាអ្នកបើកបរ បាន កែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀងទេ។ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្តាយ ចំពោះទង្វើរបស់កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួន ដែលមិនបានគោរពតាមការព្រមព្រៀង ដូចដែលមាន ចែងនៅក្នុងកំណត់ហេតុអង្គប្រជុំ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឱ្យអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕ដោយ៖កូឡាប