បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានចុះជួយអន្តរាគមន៍បើកទម្លាក់ទឹកពីតាមស្រែ បង្ហូរទៅកាន់ដងស្ទឹងបវេល ខណៈជំនន់ទឹកភ្លៀងនាចុងរដូវវស្សារ ដែលហូរចេញពីប្រភពនៅតាមស្រុក ជាប់នឹងព្រំដែនថៃស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បណ្ដាលឲ្យប៉ះពាល់ស្រូវបង្កើនរដូវរបស់ពលរដ្ឋនៅស្រុកបវេល ចំនួនប្រមាណជាង ២០០០ហិកតា ។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២០នេះ ខេត្តបាត់ដំបង បានធ្វើការបង្កបង្កើនផលស្រូវបានចំនួនជាង៣៤ម៉ឺនហិកតា ស្មើនឹង១០៥ភាគរយ ដោយក្នុងនោះមានស្រូវបង្កើនរដូវ ឬស្រូវស្រាលចំនួនជាង ១៧ម៉ឺនហិកតា ដោយការប្រមូលផល ក៏បានជិតរួចរាល់ហើយ។ ប៉ុន្តែនៅចុងរដូវវស្សានេះ ខណៈប្រជាកសិករចាប់ផ្ដើមធ្វើការបង្កបង្កើនផលស្រូវក្នុងជំហានទី២ នៅឆ្នាំ២០២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកបវេល ក៏មានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋ ដែលមានទាំងស្រូវជិតច្រូតកាត់ និងស្រូវទើបនឹងព្រោះថ្មី។
លោកប្រធានមន្ទីរកសិកម្មខេត្ត បានសម្ដែងនូវការព្រួយបារម្ភ ពីការខ្វះខាតទឹកអាចនឹងកើតឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ទោះបីមានទឹកជំនន់ឡើងនៅចុងរដូវវស្សានេះក៏ដោយ ។លោកបានស្នើដល់ប្រជាពលរដ្ឋ ដែលនៅតំបន់នេះ ពុំទាន់មានប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវ សូមនាំគ្នាប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន និងរួមគ្នាទប់ទឹកកុំឲ្យហូរចោលខ្ជីខ្ជារ។
បើតាមកសិកររស់នៅឃុំព្រៃខ្ពស់ស្រុកបវេល បានប្រាប់ថា ក្នុងភូមិសាស្ត្រគាត់នេះ មានទឹកជំនន់លិចលង់់សឹងរាល់ឆ្នាំ បើទោះបីជាមានស្ទឹង តែខ្វះខាតសំណង់ទ្វារទឹក សម្រាប់បើកបិទទឹក ហើយបច្ចុប្បន្នស្រូវបង្កើនរដូវជំហានទី២ ក្នុងតំបន់នេះក៏កំពុងជួបបញ្ហាជន់លិចផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជំរុញទៅអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងឱកាសចុះពិនិត្យពីស្ថានភាពទឹកជំនន់ក្នុងស្រុកបវេល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ត្រូវបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចនូវទីទួលសុវត្ថិភាព ហើយពិនិត្យលទ្ធភាពបន្ថែម ក្នុងការបង្ហូរទឹកជំនន់នេះ ឲ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមជាបន្តបន្ទាប់ បានឲ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូផ្សេងៗ ៕ ដោយ៖អ៊ុងសារុំ