ភ្នំពេញ៖ ការបាត់បង់ជីវិតស្ត្រីម្នាក់ទាំងនៅវ័យក្មេង ដោយសារជិះម៉ូតូធ្លាក់រណ្តៅលូលិចទឹក ខណៈមេឃកំពុងភ្លៀងខ្លាំង បណ្តាលឲ្យធ្លាក់ផ្អាប់មុខចូលទឹកស្លាប់ភ្លាមៗយ៉ាងអាណោចអាធម បានធ្វើឲ្យមហាជនសម្តែងនូវក្តីអាណិតអាសូរ និងស្រណោះសោកស្តាយជាខ្លាំង ដែលមិនគួរណានាងបែរជាត្រូវជួបរឿងអកុសលដ៏អាក្រក់នៅក្នុងគ្រោះថ្នាក់ដ៏ហាក់មិនសមហេតុផលបែបនេះសោះ។ ហើយអ្វីដែលខ្លោចចិត្តបំផុតនោះ គឺការបាត់បង់ជីវិតរបស់នាង ក៏បានបន្សល់ទុកកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលទើបសម្រាលបាន ៧ ខែ ប៉ុណ្ណោះទៀត។
ជាមួយការបាត់បង់ជីវិតរបស់ស្ត្រីខាងលើ នៅក្នុងហេតុការណ៍ដែលមិនអាចទទួលយកបាននេះ ក្នុងនោះប្អូនប្រុសជនរងគ្រោះក៏បានបង្ហោះសារដ៏ក្តុកក្តួល និងសែនឈឺចាប់ថា៖ «ខ្ញុំលែងបានឃើញបងខ្ញុំទៀតហើយ បងស្រីខ្ញុំគាត់ស្លូតធ្វើបុណ្យច្រើន ណាស់ម៉េចបានរឿងអាក្រក់នេះធ្លាក់មកលើបងខ្ញុំទៅវិញ គំហុកនេះមកពីអ្នកណា ហេតុអីបានជាធ្វើលូមានទឹកលិចមិនដាក់សញ្ញាឲ្យប្រជាជនដឹងអ៊ីចឹង មិនគួររឿងនឹងធ្លាក់មកលើបងខ្ញុំទេ ប្អូនសូមជូនពរបងឲ្យជាតិក្រោយមានសំណាងជាងជាតិនឹងកុំឲ្យជួបរឿងនឹងទៀត បើមានជាតិក្រោយមែនខ្ញុំសូមធ្វើបងប្អូននឹងបងទៀតណាបង ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ ខ្ញុំស្អប់ឆ្នាំ២០២០នឹងណាស់មានរឿងអាក្រក់គ្រប់រឿង»។
យ៉ាងណាមិញ ងាកមកមើលសារចុងក្រោយរបស់នាងដែលបង្ហាញក្តីស្រឡាញ់ចំពោះកូនស្រីដំបូង មុនថ្ងៃកើតហេតុការណ៍ ឃើញហើយគឺពិតជាសង្វេគខ្លោចខ្លាំងណាស់ ដោយនាងបានបង្ហោះវីដេអូ និងសារនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «ធ្វើទឹកស៊ុបថ្លាទុកដាំបបរឱ្យកូនស្រីរបស់ម៉ាក់»។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្ត្រីម្នាក់ (ជនរងគ្រោះ) ជិះម៉ូតូស្កុបពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HE-6476 បានបើកធ្លាក់លូធ្លាក់ពីលើម៉ូតូផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំងលិចផ្លូវបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង៕ ដោយ៖ លឹម ហុង