ភ្នំពេញ៖ ពិធីការិនីស្រស់សោភា រាងស្រឡូន កញ្ញា ជីមមី (Jimmy) ត្រូវបានដឹងថាបានបង្កើតចំណងស្នេហ៍ជាមួយបុរសរូបសង្ហារជាកូនខ្មែរកើតអាមេរិកម្នាក់ ដែលមានឈ្មោះដូចនាងដែរ គឺលោក Jimmy មានរយៈពេលជាង១ឆ្នាំហើយ ក្រោយពីតារាស្រីជីមមី ត្រូវបានគេដឹងថាបានបែកបាក់ស្នេហ៍ជាមួយគូដណ្តឹងជាអ្នកសារព័ត៌មាន និងក៏ជាអ្នកទីផ្សារម្នាក់។
យ៉ាងណាមិញ សម្រាប់ចំណងស្នេហ៍មួយនេះផងដែរ កញ្ញាជីមមី ក៏បានទម្លាយឲ្យដឹងថា រូបនាងគឺជាអ្នកលួច Crush ទៅលើគូស្នេហ៍លោក Jimmy ជាមុន ក្រោយពីបានឃើញរូបលោកសម្តែងក្នុង MV មួយមានរូបរាងសង្ហារមាឌធំ មុខមាត់ស្អាត ដែលធ្វើឲ្យរូបនាងចាប់អារម្មណ៍ទៅលើតួប្រុសម្នាក់នេះខ្លាំងតែម្តង ទាំងមិនដឹងថាគាត់ជានរណា។ កញ្ញាជីមមី ពួកនាងបានសម្រេចចិត្តរួមរស់គ្នា គឺក្រោយពីលោក Jimmy បានបដិសេធស្នេហ៍នាងអស់រយៈពេល ៥ ឆ្នាំ ហើយទីបំផុត លោកក៏បានសារភាពស្នេហ៍ចំពោះនាងនៅថ្ងៃចូលឆ្នាំកន្លងទៅ។
ទន្ទឹមនោះផងដែរ កញ្ញា Jimmy ក៏បានបង្ហាញអារម្មណ៍ពិតក្នុងចិត្តសរសើរដល់បុរសកំពូលស្នេហ៍ថា គាត់ (Jimmy) គឺជាបុរសសុភាព និងល្អបំផុត ដែលក្នុងនោះគាត់បានបង្ហាញក្តីស្រឡាញ់គោរពរូបនាង តាមរយៈបើកទ្វាឡាន ទាញកៅអីឲ្យនាងអង្គុយ ការពាររូបនាង ហើយអ្វីដែលសំខាន់ជាងនេះនោះ គឺគាត់ពុំដែលបង្អាក់ទឹកចិត្តរបស់នាង ពោលគឺគាត់ជាអ្នកនៅពីខាងក្រោយខ្នង ដែលតែង Support គាំទ្ររកផ្លូវឲ្យ និយាយរួមទៅគឺរកគ្រប់មធ្យោបាយសម្រាប់រូបនាងរហូតតែម្តង។ ហើយអ្វីដែលធ្វើឲ្យរូបនាងកាន់តែមានភាពជឿជាក់ និងរំភើបចិត្តខ្លាំងនោះ គឺគាត់ Jimmy ជាមនុស្សប្រុសម្នាក់ដែលតែងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេល បើទោះជាពេលខ្លះនាងត្អូញត្អែរដាក់គាត់ថា មុខផត ឬ រូបរាងស្គមយ៉ាងណា ក៏គាត់ពុំដែលគិតពីរឿងនេះនោះដែរ និងផ្ទុយទៅវិញ គឺគាត់បានបង្រៀននាងឲ្យចេះទទួលយក ស្រឡាញ់នូវអ្វីដែលខ្លួនឯងមាន។
ដោយសារតែក្តីស្រឡាញ់ រំភើបខ្លាំងពេក ចំពោះទង្វើដ៏ល្អស្ទើរគ្រប់យ៉ាងរបស់បុរសម្នាក់នេះ កាលពីពេលថ្មីៗនេះ កញ្ញា ជីមមី ក៏បានបង្ហោះយ៉ាងវែងរៀបរាប់ពីចំណុចល្អៗជាច្រើនរបស់គូស្នេហ៍ និងជាក៏សារផ្តាំផ្ញើទៅកាន់សុភាពនារីៗដទៃបានដឹងថា៖ «បើសិនជាអ្នកជួបមនុស្សម្នាក់ ដែលទ្រាំជាមួយនឹងចរិកដ៏ពិបាករបស់អ្នកបាន, កែតម្រូវអ្នកនៅពេលដែលអ្នកមានកំហុសឆ្គង, យកអ្នកជាអតិភាពគ្រប់ពេលដែលអ្នកត្រូវការគេគេតែងតែនៅក្បែរនឹងបង្ហាញខ្លួនជានិច្ច,
តែងតែរំលឹកប្រាប់អ្នកថាអ្នកមានតម្លៃគ្រប់គ្រាន់សម្រាប់ជីវិតគេ, និងមានតម្លៃគ្រប់គ្រាន់នឹងទទួលបាននូវជីវិតដ៏ស្រស់ស្អាតមួយ, ជាមនុស្សដែលអ្នកអាចចែករំលែកអាថ៏កំបាំងដែលអ្នកមិនដែលប្រាប់អ្នកណាឱ្យទាំងភាពទុកចិត្ត, ជាមនុស្សដែលអ្នកឃើញមុខគ្រប់ពេលដែលអ្នកសើចនិងយំ, ជាមនុស្សដែលយកសត្រូវរបស់អ្នកជាសត្រូវរបស់ខ្លួនឯង, ជាមនុស្សនៅក្បែរអ្នករហូតពេលដែលជីវិតរបស់អ្នកជួបឧបសគ្គហើយចូលខ្លួនជាដំណោះស្រាយគ្រប់រឿង , ជាមនុស្សដែលស្រឡាញ់គ្រួសាររបស់អ្នកដូចគ្រួសាររបស់ខ្លួនឯង, មិនសូវសន្យាប៉ុន្តែចូលចិត្តបង្ហាញទង្វើដែលពិតប្រាកដ, បើសិនជាមនុស្សម្នាក់ដែលអ្នកស្រលាញ់មានចំណុចខាងលើ គួរកុំបណ្ដោយឱ្យគាត់ចាកចេញពីជីវិតរបស់អ្នកអោយសោះ។ ពីព្រោះគាត់អាចជាឱកាសតែមួយដែលបើអ្នកបណ្ដោយឱ្យដើរចេញហើយ គឺអ្នកមិនអាចរកឃើញមនុស្សបែបហ្នឹងតទៅទៀតឡើយ»៕ ដោយ៖ លឹមហុង