ភ្នំពេញ៖ ករណីទង្វើប្តីក្បត់ប្រពន្ធឬប្រពន្ធផិតក្បត់ប្តី ដោយសារកាមតណ្ហាដឹកមុខ តែងតែកើតមានឡើងជារឿយៗ នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន។ ហើយករណីនេះផងដែរ គេក៏តែងប្រទះឃើញជាពិសេសស្ត្រីជាប្រពន្ធដើម តាមទាន់ប្តីកំពុងដេកឱបស្រីនៅក្នុងផ្ទះសំណាក់ ឬ កំពុងជិះរថយន្តជាមួយស្រីតាមដងផ្លូវ ដែលឈានដល់ប្រពន្ធដើមប្រើអំពើហិង្សាទៅលើស្រីប្តីយ៉ាងសាហាវៗ បង្កឲ្យមានការភ្ញាក់ផ្អើលនៅទីសាធារណៈជារឿយៗផងដែរ។
ជាក់ស្តែង ដូចករណីមួយជាដើម បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះមកអន្តរាគមន៍សឹងពុំឈ្នះ ខណៈពេលដែលស្ត្រីជាប្រពន្ធដើម បានតាមទាន់ប្តីដឹកស្រីស្នេហ៍ចេញពីផ្ទះសំណាក់ ហើយដេញតាមកាក់រថយន្តប្តី និងបង្កហិង្សាវាយតប់ទៅលើស្រីប្តីយ៉ាងចាស់ដៃតែម្តង។ ដែលករណីប្រពន្ធតាមទាន់ប្ដីដឹកស្រីចេញពីផ្ទះសំណាក់ វាយគ្នាឡើងផ្អើលនេះ ត្រូវបានដឹងថាបានកើតឡើងនៅចំណុចរង្វង់មូលព្រែកជ្រៃ កាលព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
បើតាមស្ត្រីជាប្រពន្ធដើម គាត់បានបញ្ជាក់ប្រាប់ថា ប្តីរបស់គាត់បានលួចទាក់ទងជាមួយស្រីម្នាក់នេះដែលក៏ផិតប្តីខ្លួនផងដែរ គឺមានរយៈពេលចូលជាង ១០ ឆ្នាំហើយៗ ប្តីកំហូចរបស់គាត់នេះ ក៏បានសន្យានឹងគាត់ថាឈប់ទាក់ទង ប៉ុន្តែ នៅតែលួចផិតក្បត់ដដែល រហូតគាត់តាមទាន់ផ្អើលបែបនេះ។
តែទោះយ៉ាងណា ភ្លើងកំហឹងរយពាន់អង្សារនេះ ត្រូវបានបញ្ចប់ ក្រោយស្ត្រីជាប្រពន្ធដើម និងបងប្អូនសាច់ញាតិ បានឡើងចូលក្នុងរថយន្ត នាំប្តីទៅដោះស្រាយគ្នានៅផ្ទះ ខណៈស្រីកំណាន់បានចុះពីរថយន្ត រួចឡើងជិះ PassApp ចាកចេញទៅតាមក្រោយផងដែរ។
ជាមួយនឹងទង្វើដ៏អាម៉ាសមុខនេះផងដែរ យើងក៏សូមចិត្តបងៗជាស្វាមីទាំងឡាយ គួរណាស់យល់ពីអារម្មណ៍ឈឺចាប់របស់ប្រពន្ធផង ព្រោះថា បើគេក្បត់យើងវិញ សួរថាតើយើងឈឺចាប់ប៉ុណ្ណា!?៕ ដោយ៖ លឹម ហុង