ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដណាស់បានទទួលជ្រាបរួចហើយ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងសែនខ្លោចចិត្តមួយ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូធ្លាក់រណ្តៅលូ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង នាវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ ៥៣ bt កែង ៨៧ bt ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការបាត់បង់ជីវិតស្ត្រីរងគ្រោះខាងលើដែលមានឈ្មោះ ជា រដ្ឋា អាយុ៣៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន និងមានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង គឺបានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងព្រមទាំងមិត្តភក្តិ មានការស្តាយស្រណោះយ៉ាងខ្លាំង ព្រោះតែមិនអាចទទួលយកបានសោះឡើយ ចំពោះការស្លាប់របស់នាងនៅក្នុងគ្រោះថ្នាក់ដ៏មិនសមហេតុផលមួយនេះ ដែលបានបន្យល់ទុកកូនស្រីដំបូងទើបតែមានអាយុ ៧ ខែ ប៉ុណ្ណោះ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យអាណិត និងរំជួលចិត្តស្ទើរទប់ទឹកភ្នែកពុំជាប់នោះ គឺខណៈពេលដែលម្សិលមិញនេះ (ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០) ស្វាមីរបស់សពស្ត្រីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ ឌិន រដ្ឋាវី បានបង្ហោះសារដ៏សែនក្តុកក្តួល និយាយទៅកាន់ទៅកាន់វិញ្ញាណក្ខន្ធភរិយាជាទីស្រឡាញ់ថា៖ «ហេតុអ្វីអូនចាកចេញពីជីវិតបងនិងកូន សូម្បីពាក្យលាមួយម៉ាត់ក៏គ្មាន អូនទៅបានសុខហើយតែជីវិតបងទទេស្អាតគ្មានសល់អ្វីទៀតទេ។ សូមអោយអូនទៅបានសុខកុំបារម្ភពីកូនយើង បងតស៊ូប្រើជីវិតដែលសេះសល់មួយនេះដើម្បីកូនយើងណាអូន បើជាតិក្រោយមានពិតបងសូមធ្វើជាប្ដីប្រពន្ធនិងអូនទៀត»៕ ដោយ៖ លឹម ហុង