Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​ថវិកា​ចំនួន​២៥​ប៊ី​លាន​យ៉េន​(​ប្រមាណ​២៣៤,៦​លាន​ដុល្លារ​អាមេរិក​) ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩

​ភ្នំពេញ​៖​ការផ្តល់​ឥណទាន​សម្បទា​ន​នេះ​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​ក្នុងជំនួប​ពិភាក្សា​រវាង​ឯកឧត្តម ប្រាក់ សុខុន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ជប៉ុន​។​

​នាឱកាស​នោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ ដែល​ត្រូវបានតែងតាំង​សាជាថ្មី​ជា​រដ្ឋមន្ត្រីការបរទេស​ជប៉ុន កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០២០​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ម៉ូ​តេ​ហ្គី ដែល​បាន​សម្តែង​ការចូល រួម រំលែក​ទុក្ខ និង​ស្ម័គ្រចិត្ត​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

ឯកឧត្តម​ម៉ូ​តេ​ហ្គី បាន​ថ្លែងអំណរគុណ​ចំពោះ​ការអបអរសាទរ​និង​ការស្វាគមន៍ ព្រមទាំង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា​កាល​ខែសីហា​ឆ្នាំ​២០២០​កន្លងទៅ​។​ឯកឧត្តម​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ឆន្ទៈ​របស់ខ្លួន​ក្នុង ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​កម្ពុជា​នៅក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ថ្មី​របស់​ជប៉ុន​។​

​​ឯកឧត្តម​ម៉ូ​តេ​ហ្គី បាន​សម្តែង​នូវ​សមានចិត្ត​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​។ ​ឯកឧត្តម​បាន​បន្តថា​ជប៉ុន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​កម្ពុជា​ក្នុង ការដោះស្រាយ​ការលំបាក​នេះ​។​

​ឯកឧត្តម ម៉ូ​តេ​ហ្គី បាន​លើកឡើងថា ជប៉ុន​នឹង​គាំទ្រ​កម្ពុជា ក្នុងការ​កែលម្អ​បរិស្ថាន​នៅតាម​តំបន់​ទីក្រុង​និង​ការចាត់វិធានការ​ចំពោះ​កាកសំណល់​ផ្លា​ស្ទីក​នៅក្នុង​សមុទ្រ ព្រមទាំង​ការកសាង​សមត្ថភាព​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។ ​ជប៉ុន​ក៏​នឹង​ជួយ​គាំទ្រ​កម្ពុជា​នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។ ​ឯកឧត្តម​បាន​អរគុណ​ជប៉ុន​ចំពោះ​ការបន្ត​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។​

​បន្ទាប់ពី​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ម៉ូ​តេ​ហ្គី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​កត់ សម្គាល់ ដោយ​រីករាយ​ដែល​ប្រទេស​ទាំងពីរ​កំពុង​អនុវត្ត​«​ច្រក​សម្រាប់​ការ​ស្នាក់នៅ​»​សម្រាប់​អ្នកដំណើរ ដែល​ស្នាក់នៅ​រយៈពេល​លើសពី​១៤​ថ្ងៃ ​និង​សង្ឃឹមថា​«​ច្រក​សម្រាប់​ធុរកិច្ច​»​សម្រាប់​អ្នកដំណើរ​ដែល​ស្នាក់នៅ​រយៈពេល​ក្រោម​១៤​ថ្ងៃ ​នឹង​អាច​អនុវត្តបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមជម្រាបថា ​៖​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​បញ្ជា​ក់ឡើ​ង​វិញ​នូវ​បំណងប្រាថ្នា​រួម​ និង​ឆន្ទៈ​ដ៏​មុតមាំ​ក្នុង​ការជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ទាំងពីរ​៕ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

×