Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ចិន សហការគ្នា​បណ្តុះបណ្តាល ជំនាញ​គរុកោសល្យ​ភាសា​ចិន នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ជា​លើកដំបូង​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ រាជបណ្ឌិត្យសភាកម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​និង​ផ្លាស់ប្តូរ​ភាសា​ចិន​នៃ​ក្រសួង​អប់រំ​ប្រទេស​ចិន​បានប្រកាស​បើក​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​ចិន​ជំនាញ​គរុកោសល្យ​ភាសា​ចិន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ជា​លើកដំបូង ជា​ផ្លូវការ​។​

​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​ចិន​ជំនាញ​គរុកោសល្យ​ភាសា​ចិន នៅ​រាជបណ្ឌិត្យសភាកម្ពុជា​នេះ​មាន​គោលបំណង​រួមមាន​៖
១. កសាង​សមត្ថភាព​បង្រៀន​ភាសា​ចិន​ប្រកបដោយ​គុណភាព​និង​គរុកោសល្យ​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​
២. បណ្តុះបណ្តាល​ធនធាន​អ្នកចេះ​ភាសា​ចិន​ជំនាញ ដើម្បី​ជា​ទុន​សម្រាប់​បម្រើ​ប្រទេសជាតិ​ទាំងពីរ​ទៅ​ថ្ងៃ​អនាគត និង​សម្រាប់​បំពេញតម្រូវការ​ក្នុង​តំបន់​ស្របតាម​គោលការណ៍​«​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​»
៣. ជា​ស្ពាន​ក្នុង​ការបើក​បេះដូង​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ និង​
៤. ជំរុញ​ឱ្យ​ភាសា​ចិន​ក្លាយទៅជា​ភាសា​ទី​៣ ក្នុងប្រទេស​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​តុមូល ស្តីពី ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ភាសា​ចិន លោក បូ រ៉េត ប្រធាន​ផ្លាស់ប្តូរ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា ថ្លែង​កោតសរសើរ​ចំពោះ​រាជបណ្ឌិត្យសភាកម្ពុជា ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​ចិន ជំនាញ​គរុកោសល្យ​ភាសា​ចិន នាពេលនេះ ដោយ​លោក​បានបង្ហាញ​ការ​ជឿជាក់ថា គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​ចិន ជំនាញ​គរុកោសល្យ​ភាសា​ចិន រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ និង​ផ្លាស់ប្តូរ​ភាសា​ចិន​នៃ​ក្រសួង​អប់រំ​ប្រទេស​ចិន ជា​លើកដំបូង​នេះ​នឹង​ជួយ​បណ្តុះបណ្តាល​ធនធាន​គ្រូបង្រៀន​ភាសា​ចិន​ដែលមាន​គុណភាព​ជាច្រើន​រូប និង​ធានា​នូវ​កម្លាំង​ធនធាន​គ្រូបង្រៀន​ដែល​អាចបំពេញ​គ្រប់​តម្រូវការ ព្រមទាំង​ជំរុញ​កិច្ចអភិវឌ្ឍន៍​វិស័យ​អប់រំ​ភាសា​ចិន​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​វិបុលភាព​។​

​ឱកាស​នេះដែរ លោកស្រី Zuo Wenxing ភារធារី​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​សេចក្តី​សម​នស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​ចិន​ជំនាញ​គរុកោសល្យ​ភាសា​ចិន នៅ​រាជបណ្ឌិត្យសភាកម្ពុជា លើកដំបូង ជា​ផ្លូវការ​។ លោកស្រី​ភារៈធារី​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា គម្រោង​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​មួយ​ជំហាន ក្នុងការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ភាសា​ចិន​ជនជាតិខ្មែរ និង​ធនធាន​អ្នកចេះ​ភាសា​ចិន​នៅ​កម្ពុជា​។​

​លោកស្រី Zuo Wenxing បាន​បន្ថែមថា ភាសា​គឺជា​ស្ពាន​ចម្លង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង ការសិក្សា​ពី​ភាសា និង​វប្បធម៌ គឺជា​មាគ៌ា​ក្នុងការ​ស្វែងយល់​ពី​ប្រទេស និង​ប្រជាជាតិ​មួយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទំនាក់ទំនង​កម្ពុជា​-​ចិន កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​ស៊ីជម្រៅ ហើយ​ការកសាង​ជោគវាសនា​រួមគ្នា ក៏ត្រូវ​បាន​បន្ត​ឥតឈប់ឈរ រីឯ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏​កាន់តែ​ស្អិតល្មួត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ចំណែកឯ​ចំនួន​អ្នកសិក្សា​ភាសា​ចិន​នៅ​កម្ពុជា មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។ ការសិក្សា​ភាសា​ចិន បាន​ក្លាយជា​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា ក៏ប៉ុន្តែ ការអប់រំ​ភាសា​ចិន​សម្រាប់​គ្រូបង្រៀន​ភាសា​ចិន​ជនជាតិខ្មែរ​មានការ​រាំងស្ទះ និង​មិនទាន់មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នៅឡើយ ដោយសារតែ​បញ្ហា​កង្វះខាត​នូវ​ធនធាន​គ្រូបង្រៀន​ភាសា​ចិន​។ ហេតុនេះហើយ ទើប​គម្រោង​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​បាន​ចាប់បដិសន្ធិ​ឡើង ក្នុង​គោលបំណង​បំពេញតម្រូវការ​ស្ថានភាព​សង្គម​ជាក់ស្តែង​។​

​លោកស្រី Zuo Wenxing បាន​បញ្ជាក់ថា​៖ «​ការបណ្តុះបណ្តាល​ធនធាន​គរុកោសល្យ​ភាសា​ចិន​នេះ នឹង​អាច​ដោះស្រាយ​បញ្ហា​ការអភិវឌ្ឍ​ការអប់រំ​ភាសា​ចិន សម្រាប់​គ្រូ​ភាសា​ចិន​ក្នុង​តំបន់​បាន​។ នាង​ខ្ញុំ​ជឿជាក់ថា ក្រោម​ការយកចិត្តទុកដាក់​ពី​មហាជន​គ្រប់​ស្រទាប់​ទាំង​កម្ពុជា​និង​ចិន គម្រោង​មួយ​នេះ ប្រាកដជា​អាច​បន្តដំណើរ​ទៅមុខ និង​ទទួលបាន​ផ្លែផ្កា​ជាក់​ជាមិនខាន ដើម្បី​ជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​ការអប់រំ​ភាសា​ចិន សម្រាប់​គ្រូបង្រៀន​ភាសា​ចិន​ក្នុង​តំបន់ ក៏ដូចជា​ជួយ​រួមចំណែក​ក្នុងការ​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​ចិន បង្កើន​មិត្តភាព​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​ថែមទៀត​»​។​

​ជាមួយនេះ ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ទទួលបន្ទុក​ការងារ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជំនាញ​គរុកោសល្យ​ភាសា​ចិន​ជា​លើកដំបូង ក្រោម​កិច្ចសហការ​វាង​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​សាកលវិទ្យាល័យ​គរុកោសល្យ​ចិន​ខាងកើត (East China Normal University) នៃ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​នាពេលនេះ នឹង​ផ្តោតលើ​គុណភាព​អប់រំ​កម្រិត​អន្តរជាតិ​ជា​ចម្បង ដោយ​គ្រូបង្រៀន​ជនជាតិ​ចិន​ឯកទេស​ភាសា​ចិន នឹង​មក​បង្រៀន​ដោយផ្ទាល់​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​ធានា​បណ្តុះបណ្តាល​សមត្ថភាព​គ្រូបង្រៀន​ភាសា​ចិន ប្រកបដោយ​គុណភាព​និង​គរុកោសល្យ​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ឯកឧត្តម សូត្រ សំណាង បានបញ្ជាក់​បន្ថែមថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ គរុ​សិស្ស និង​និស្សិត​ភាសា​ចិន​ឆ្នើម​នឹង​ទទួលបាន​ឱកាស​អាហា​រូបរ​កណ៍​ទៅ​បន្ត​ការសិក្សា និង​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ចិន​ទៀតផង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ រាជបណ្ឌិត្យសភាកម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ ផ្លាស់ប្តូរ ភាសា​ចិន​-​ភាសាបរទេស នៃ​ក្រសួង​អប់រំ​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការបង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា​ដែល​ទទួល​សិស្ស​៣០​នាក់ កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គរុកោសល្យ​ភាសា​ចិន​។ គម្រោង​នេះ​នឹងធ្វើ​ការបណ្តុះបណ្តាល​ក្រោម​គម្រូ​១​បូក​១ ដោយ​សិក្សា​ឆ្នាំ​ទី​១​នៅ​រាជបណ្ឌិត្យសភាកម្ពុជា និង​ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​គរុកោសល្យ​ចិន​ខាងកើត តាមរយៈ​អាហារូបករណ៍​គ្រូបង្រៀន​ភាសា​ចិន​អន្តរជាតិ​ក្នុង​តំបន់​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​បញ្ច​ប់​ការសិក្សា​ពី​រាជបណ្ឌិត្យសភាកម្ពុជា និង​ពី​សាកលវិទ្យាល័យ​គរុកោសល្យ​ចិន​ខាងកើត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×