ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលដែលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន តម្រូវការការងារ របស់យើង កាន់មានជាបន្តបន្ទាប់ ដែលទាមទារឲ្យមានធនធានមនុស្សកាន់តែច្រើន។ បច្ចុប្បន្នកម្ពុជាយើងបានប្រើប្រាស់ធនធានមនុស្សពីខាងក្រៅលើផ្នែកការសាងសង់សំណង់ផ្សេៗ ដោយសារតែយើងនៅខ្វះធនធានក្នុងស្រុក។ ដូច្នេះយើងត្រូវតែពង្រឹងសមត្ថភាពធនធានមនុស្សអោយខ្លាំងក្លាថែមទៀត។
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន បានមានប្រសាសន៍ថា សិស្សរៀនកាន់តែពូកែ គឺមានការបង់ប្រាក់កាន់តែតិច នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បានបំផុត ដើម្បីចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពសិក្សា ហើយគុណភាពសិក្សាគឺជាបញ្ហាមួយដែលសាកលវិទ្យាល័យនីមួយៗត្រូវតែគិតគូរ ដើម្បីអោយធនធាមនុស្សរបស់យើងកាន់តែមានភាពរឹងមាំថែមទៀតនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កត់សម្គាល់ថា ពេលដែលចូលដល់មហាវិទ្យាល័យចំនួននិស្សិតស្រីមានការថយចុះ ដែលកត្តាទាំងនេះហើយគឺទាមទារឲ្យមានការសិក្សាស្រាវជ្រាវ និងពិភាក្សារវាងក្រសួងអប់រំយុវជន និងកីឡានឹងអាណាព្យាបាលក្នុងការស្វែងរកដំណោះស្រាយ និងដើម្បីជំរុញនិស្សិត ដែលជាស្ត្រីទទួលបានការបណ្តុះបណ្តាលលើវិស័យអប់រំនេះអោយបានច្រើនបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយមានសមត្ថភាពដើម្បីធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានខិតខំកសាងសាលារៀន ជាច្រើនតាមបណ្តាជនបទនានា ហើយយើងក៏បានកំណត់ថា ក្នុងឃុំមួយ យ៉ាងហោចណាស់ក៏ត្រូវមានអនុវិទ្យាល័យ១ ផងដែរដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សយើងអោយកាន់តែមានភាពល្អប្រសើរឡើង។ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់នានាដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ គឺជាផ្នែកមួយយ៉ាងសំខាន់សំរាប់ជំរុញភាពលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា និងធ្វើអោយការរស់នៅរបស់ប្រជាលរដ្ឋកាន់តែមានភាពល្អប្រសើរ។
កម្ពុជាបាននឹងកំពុងដាក់ចេញនូវគោលនយោបាយជាតិ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជា គោលនយោបាយមួយក្នុងការជំរុញវិស័យឧស្សាហកម្មនៅកម្ពុជាអោយមានសន្ទុះទៅមុខ ដូចជាវិស័យ ឧស្សាហកម្មកាត់ដែរ ឧស្សាហកម្មកសិកម្ម និងឧស្សាហម្មទេចរណ៍ជាដើម ដែលវិស័យទាំងអស់នេះ នាពេលបច្ចុប្បន្នបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោ បានបន្ថែមថា “ទាក់ទងនឹងបបញ្ហាចរាចរណ៍ នឹងការកាត់តទ្រុងឡានខុសបច្ចេកទេសកាលពីប៉ុន្មានថ្ងៃនេះ គឺមានឡានជាច្រើនរយគ្រឿងត្រូវបានកាត់ទ្រុងចេញ ។ ឡានតទ្រុងខុសបច្ចេកទេសទាំងនេះ គឺមានរាប់ពាន់គ្រឿង។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា នៅពេលដែលសម្តេចបានដាក់ចេញនូវបទបញ្ជា គឺឃើញមន្ត្រីបានចាត់វិធានការធ្វើ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថាជាថ្មីម្តងទៀត តើមន្ត្រីយើងអនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? មន្ត្រី និងអាជ្ញាធម៌ពាក់ព័ន្ឋទាំងអស់ ត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់ឲ្យបានល្អជាប្រចាំ មិនមែនធ្វើតែក្នុងពេលនាយករដ្ឋមន្ត្រីចេញបទបញ្ជាទេ”។
សម្តេចតេជោ ថ្លែងថា “សិស្ស និស្សិតនៅទូទាំងប្រទេស ត្រូវមានជំនឿជឿជាក់លើខ្លួនយើងផ្ទាល់ក្នុងការសិក្សា ។ មិនប្រាកដថាកូនចៅដែលកើតក្នុងត្រកូលអ្នកមានទ្រព្យ គឺសុទ្ធតែរៀនពូកែជាងកូនអ្នកក្រនោះទេ។
ពិតណាស់ ការសិក្សារៀនសូត្រគឺត្រូវខិតខំប្រឹងប្រែងពឹងលើសមត្ថភាពផ្ទាល់ខ្លួន។ “រៀនទើបចេះ” ហើយច្បាស់ណាស់ គឺយើងអាចកាត់បន្ថយគម្លាតខួរក្បាលបាន បើក្មួយៗនិងចៅៗខិតខំប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រ។ ប៉ុន្តែយើងមិនអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិបានទេ ប្រសិនបើយើងមិនខិតខំប្រឹងប្រែងធ្វើការ ឬខិតខំប្រកបការងារ”។
សម្តេចតេជោ បញ្ជាក់ថា ថ្ងៃទី១៤ កុម្ភ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភ័ក្តិ សុំកូនក្មួយកុំប្រគល់ខ្លួនឲ្យបុរសណាទាំងអស់។
សូមកូនក្មួយបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងជីវិតគ្រប់ៗគ្នាកុំបីខាន។ នៅក្នុងឱកាសចូលឆ្នាំចិនដែលនឹងមកដល់ខាងមុខនេះ (១៥ កុម្ភៈ) សូមបងប្អូនប្រជាពលរដ្ឋ កុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងអោយសោះ ទោះបីធ្វើដំណើរជិតឆ្ងាយទាំងនៅក្នុងទីក្រុង នឹងនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងនេះ សូមបងប្អូនចូលរួមទប់ស្កាត់ កុំអោយមានអគ្គីភ័យឆេះផ្ទះអោយសោះ គឺត្រូវពន្លត់ភ្លើងទៀន ធូប ក្រោយពេលចប់ពិធីសែន៕ ដោយ៖បញ្ញាស័ក្តិ