ភ្នំពេញ៖ ទុក្ខលំបាកនិងកង្វល់របស់ប្រជាពលរដ្ឋ គឺជាតួនាទីរបស់អាជ្ញាធរជាអ្នកដោះស្រាយ ខណៈប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចំរើនសព្វបែបយ៉ាង ហើយដើម្បីអោយបញ្ហាជាកង្វល់នេះដោះស្រាយទៅបានរលូននិងជោគជ័យនោះដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ នេះបើតាមការលើកឡើងរបស់លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី១៧តុលានេះ ក្រោមអធិបតីភាពលោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៤០០នាក់និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។
លោកនួន ផារ័ត្នបានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលបង្កើតអោយមានវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះឡើងគឺ ក្នុងគោលបំណងអោយបងប្អូនប្រជាពលរដ្ឋ បានចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពរ ដែលពួកគាត់ចង់បាន ជាការ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
ទោះបីជាយ៉ាងណាក្តីលោកនួន ផារ័ត្នបានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋយើងទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន ដើម្បីអោយការងារនេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យ ចំគោលដៅដែលប្រជាពលរដ្ឋចង់បាន។
គូរបញ្ជាក់ផងដែរថា នៅក្នុងវេទិកាសាធារណៈប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណូមពរផ្ទាល់មាត់ចំនួន៨សំណួរ និងសរសេរជាលាយលក្ខអក្សដាក់ក្នុងប្រអប់សំបុត្រជាច្រើនសន្លឹកផងដែរ ដើម្បីអោយអាជ្ញាធរធ្វើការដោះស្រាយជូន ក្នុងនោះមានព្រះអធិការវត្តចំនួន៣ ក្នុងនោះមានវត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស និងវត្តថ្វាយដង្គុំ ក៏បានស្នើឡើងផងដែរ ដោយសូមអោយអាជ្ញាធរពាក់ព័ន្ធពិសេសអាជ្ញាធរខណ្ឌ៧មករាជួយរៀបចំសណ្តាប់ធ្នាប់នៅជុំវិញវត្ត បញ្ហាសន្និសុខក្នុងទីអារាមវត្តផងដែរ ដោយសារតែមានក្រុមក្មេងស្ទាវមួយចំនួនតែងបង្កការភ័យខ្លាចកន្លងមក៕ ដោយ៖កូឡាប