Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី ស្ដារ បុក​ជញ្ជាំង​បេតុង​បឹងទំពន់ ប្រឡាយ និង​ជួសជុល​ស្ថានីយ​បូមទឹក​បឹងទំពន់​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការស្តារ បុក​ជញ្ជាំងរ​បេតុង (Sheet-Ple) បឹងទំពន់​តូច ប្រឡាយ និង​ជួសជុល​កែលម្អ ស្ថានីយ​បូមទឹក​បឹងទំពន់ ស្ថិតនៅ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធាន​ច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​អ្នក​រារាំង ឬ​តវ៉ា​ទាំងឡាយ ចំពោះ​កិច្ច​ការស្ដារ បុក​ជញ្ជាំង​បេតុង​បឹងទំពន់ ប្រឡាយ និង​ជួសជុល​ស្ថានីយ​បូមទឹក​បឹងទំពន់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា ដោយ​ពិនិត្យឃើញ ស្ថានីយ​បូមទឹក​បឹងទំពន់​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងទំពន់​តូច និង​ប្រឡាយ​គោក​រាក់​យ៉ាងខ្លាំង ដោយសារ​ការចាក់ដី​រំលោភ​កាន់កាប់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ ឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​នៃ​ម៉ាស៊ីនបូមទឹក បុក​ជញ្ជាំង​បេតុង (Sheet-Ple) ស្តារ​ជម្រៅ​អាង​ស្តុក​ទឹក និង​ប្រឡាយ ដើម្បី​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការលិចលង់​តំបន់​ខ្លះ​នៃ​ខណ្ឌទួលគោក សែន​សុខ បឹង​កេងកង មានជ័យ​។ មុនពេល មាន​ជំនន់​ទឹកភ្លៀង ក្រុមការងារ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​ការងារ​នេះ ប៉ុន្តែ​មានការ​រារាំង​ពី​អ្នករំលោភ កាន់កាប់ ដោយ​ខ្លះ​មានបំណង​ប្រើ​អំពើហិង្សា​មកលើ​ក្រុមការងារ ធ្វើឱ្យ​អាក់ខាន​ពុំ​អាចអនុវត្ត​បានឡើយ​។​

​នាពេល​កន្លងទៅ​ថ្មីៗ​នេះ នៅពេលដែល​រាជធានី​ភ្នំពេញ​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ខ្លាំង​នោះ ប្រសិនបើ​រដ្ឋបាល រាជធានី​ភ្នំពេញ​ចាត់វិធានការ​មិនទាន់​ពេលវេលា​ក្នុង​ការយក​ឡាន​បូមទឹក​ខ្នាត​ធំ​ទៅ​ជួយ​បូម​សង្គ្រោះ ព្រមទាំង​យក​បាវ ខ្សាច់​ទៅ​ទប់ទឹក កុំឱ្យ​លិច​ស្ថានីយ​បូមទឹក​បឹងទំពន់​ទេនោះ ម្ល៉េះ​ទូរបញ្ជា​អគ្គិសនី​ស្ថានីយ​បូមទឹក​នេះ​ត្រូវ​លិចលង់ បង្ក ឱ្យ​ផ្ទុះ​ឆេះ​លែង​ដំណើរ​ការកើត នាំឱ្យ​តំបន់​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់​ត្រាំត្រែង​ជាច្រើន​ខែ​ទៀតផង ទម្រាំ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក​ម៉ាស៊ីនបូមទឹក​ថ្មី និង​ជួសជុល​ម៉ូ​ទ័​រ​បូមទឹក​នៃ​ស្ថានីយ​បូមទឹក​បឹងទំពន់​នេះ ដើម្បី​បូមទឹក បញ្ចេញ​ទៅ​បឹង​ជើងឯក ឱ្យបាន​រួចរាល់​ឡើងវិញ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ប្រកបដោយ​ចក្ខុវិស័យ​យូរអង្វែង សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ រំដោះ​ទឹក កាត់បន្ថយ​ការលិចលង់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដំណើរការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​បាន​ជម្រាប ជូន​ខាងលើ ក្នុងពេល​ខាងមុខនេះ​ដ៏​ខ្លី​។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេល​អនុវត្ត​គម្រោង​កែលម្អ​ខាងលើ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​អ្នក​រារាំង ឬ​តវ៉ា​ទាំងឡាយ​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ រដ្ឋបាល​ខណ្ឌមានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​សហការ​អនុវត្ត ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×