Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករ​ចាប់ផ្ដើម​ស្ដារ​ការដាំដុះ​ស្រូវ​ឡើងវិញ ជា​បន្តបន្ទាប់ ក្រោយ​ទឹកជំនន់​ស្រ​កនៅ​បាត់ដំបង​

​បាត់ដំបង​៖​ប្រជាកសិករ​នៅក្នុង​ខេត្តបាត់ដំបង បានចាប់ផ្ដើម​ធ្វើការ​បង្ក​បង្កើន​ដាំ​ដុះ​ដំណាំ​ស្រូវ​ឡើងវិញ​ហើយ ដើម្បី​ស្ដារ​ជីវភាព​របស់​ពួកគាត់ ខណៈ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្រក​អស់​ជា​បណ្ដើរៗ​។​

​ជំនន់​ទឹកភ្លៀង​ដ៏​ធំ មិន​ងាយ​ធ្លាប់មាន នៅ​ខេត្តបាត់ដំបង​នេះ កើតឡើង​ចាប់ពី​សប្ដាហ៍​ទី​២ នៃ​ខែតុលា ឆ្នាំ​២០២០ ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​រហូត​ទាំង ១៤​ក្រុង​ស្រុក​នៃ​ខេត្តបាត់ដំបង ដោយ​ប៉ះពាល់​ពលរដ្ឋ​ចំនួន​ជាង ៧២ ០០០​គ្រួសារ​រ​និង​ជាង ៦​ពាន់​គ្រួសារ ត្រូវ​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​ហើយ​ប៉ះពាល់​ដំណាំ​កសិកម្ម​ផ្សេងៗ​ជិត ២០​ម៉ឺន​ហិកតា ក្នុង​នោះបាន​ខូចខាត​ទាំងស្រុង​ចំនួន​ជាង ៨​ម៉ឺន​ហិកតា​។​

​ពលរដ្ឋ​រស់នៅ​ឃុំ​បាយ​ដាំ​រ៉ាំ ស្រុក​បាណន់ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រៅ​អំពី​បញ្ហា​ជំងឺ​កូ​វីដ​១៩ ពួកគាត់​បាន​ជួប​នូវ​គ្រោះធម្មជាតិ​ចំនួន​២​ធំៗ មាន​បញ្ហា​គ្រោះរាំងស្ងួត បណ្ដាល​ឲ្យ​ស្រូវ​បង្កើន​រដូវ​(​ស្រូវស្រាល​) ជំហាន​ទី​១ ខ្វះខាត​ទឹក​ស្រោចស្រព តែ​អាច​ប្រមូល​ផល​បាន​ខ្លះ ហើយ​ការធ្វើ​ស្រូវ​បង្កើន​រដូវ​នៅ​ជំហាន​ទី​២ ស្រាប់​តែមាន​ជំនន់​ទឹកភ្លៀង​ដ៏​ធំ ធ្វើ​ឲ្យ​លិចលង់​ស្រូវ​អស់​ជាច្រើន​ហិកតា រួមទាំង​ដំណាំ​កសិកម្ម​ផ្សេងៗ​មួយចំនួនទៀត ដែល​រង​ការខូចខាត​ផងដែរ​។​ក្រោយ​ទឹកជំនន់​ស្រក​ទៅវិញ ពួកគាត់​បាននាំគ្នា​ធ្វើស្រែ ដើម្បី​ស្ដារ​ជីវភាព​ឡើងវិញ​និង​មួយទៀត​ពួកគាត់​ក៏​នឹង​ទទួលបាន​ស្រូវពូជ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​សម្ដេច​នឹង​អញ្ជើញ​មក​ចែក​ក្នុង​ខេត្តបាត់ដំបង​នៅក្នុង​ខែវិច្ឆិកា​នេះ ធ្វើ​ឲ្យ​ពួកគាត់​មានការ​សប្បាយ​រីក​រា​យ៉ាងខ្លាំង​។​

​លោក ង៉ុ​ង ឆាន់​លី មេឃុំ​បាយ​ដាំំ​រ៉ាំ បាន​មានប្រសាសន៍ថា នៅក្នុង​ឃុំ​បាយ​ដំរាំ​នេះ ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ចំនួន​៧៩៣​គ្រួសារ ដំណាំ​ស្រូវ​ជាង​១២០០​ហិកតា​និង​ខូចខាត​៨៣​ហិកតា សម្រាប់​ពលរដ្ឋ​អាចនឹងទទួល​ស្រូវពូជ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ជំហាន​ដំបូង​នេះ មាន​ចំនួន​៤៥​គ្រួសារ ព្រោះ​ស្ថានភាព​ស្រែ​ពួកគាត់​នៅជាប់​មាត់​ប្រឡាយ អាច​ស្ដារ​លទ្ធភាព​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ​បាន​។​

​គួរ​បញ្ជាក់ថា បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ចែក​ស្រូវពូជ​ដល់​ពលរ​ដ្ឋ​នៅក្នុង​ខេត្តបាត់ដំបង ដែល​បាន​ជួប​បញ្ហា​គ្រោះទឹកជំនន់​និង​មានទឹក​គ្រប់គ្រាន់ ក្នុង​ការយក​ពូជ​ស្រូវ​ទៅ​ស្ដារ​ការដាំដុះ​ឡើងវិញ នា​រដូវ​ទឹក​ស្រក​វិញ ៕​ដោយ​៖​អ៊ុង​សា​រុំ​

×