Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ​បំផុស​ឲ្យ​មន្ត្រីរាជការ ប្រជាពលរដ្ឋ ពិសេស​យុវជន​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​

ព្រះសីហនុ​៖​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បំផុស​ដល់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ ពិសេស​យុវជន ត្រូវ​នាំគ្នា​ដាំ​កូនឈើ ឬ​ដើមឈើ នៅតាម​អង្គភាព ឬ​តាម​ទីតាំង​លំនៅឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​មូលដ្ឋាន​នីមួយៗ មាន​បរិស្ថាន​ល្អ និង​កាត់បន្ថយ​ជា​ពុល​រក្សា​សុខភាព​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែតុលា បាន​ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​យុវជន ចុះ​ដាំ​កូនឈើ​អម​សងខាង​ផ្លូវ​បេតុង​មួយ​ខ្សែ​មាន​ប្រវែង​ជិត ៨​គីឡូម៉ែត្រ មាន​ទីតាំង​តាមផ្លូវ​ចូលទៅ​កាន់​កោះ​ខ្យង ស្ថិតក្នុង​ស្រុក​ព្រៃនប់​។ នាឱកាស​នោះ លោក​បាន​បំផុស​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេស​ក្រុមយុវជន ត្រូវ​ចូលរួម​ដាំ​ដើមឈើ ឬ​កូនឈើ​នៅតាម​ទីតាំង​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ដើម្បី​បរិស្ថាន​ល្អ និង​អាចជួយ​ទប់ស្កាត់​គ្រោះធម្មជាតិ​នានា​ជាដើម​។ លោក​ចាត់ទុក ដើមឈើ​ថា ជា​ដង្ហើមរស់ របស់​មនុស្ស និង​សត្វ​គ្រប់​ប្រភេទ ដូច្នេះ​គប្បី​មនុស្ស​គ្រប់ៗ​រូប​ងាក​មក​ចាប់អារម្មណ៍​ការងារ​ថែរក្សា​បរិស្ថាន ដោយ​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​នៅ​ជុំវិញ​លំនៅឋាន ឬ​អង្គភាព​រៀងៗ​ខ្លួន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​នាឱកាស​ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុមយុវជន របស់ លោក​យន្ត មីន ចុះ​ដាំ​កូនឈើ នៅ​ម្តុំ​ចំណុច​ទួល​គ្រួស ផ្លូវ​ចូល​តំបន់​កោះ​ខ្យង​ពេលនេះ គឺ​បាន​នាំយក​កូនឈើ​ប្រភេទ​អាកាស្យា​ជិត ២​ពាន់​ដើម យកទៅ​ដាំ​នៅ​អម​សងខាង​ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង​ជាង ៧​ពាន់ ៣០០​ម៉ែត្រ ដែលជា​ចំណងដៃ របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជូន​អ្នកធ្វើដំណើរ ពិសេស​ប្រជាពលរដ្ឋ មាន​លំនៅឋាន​ក្នុង​ឃុំ​ចំនួន ៣​រួមមាន​៖ ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ជម្រុញ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​សកម្មភាព​ដាំ​ដុះ​ដំណាំ​កសិកម្ម​ផ្សេងៗ និង​ការ​ចិញ្ចឹមសត្វ​គោ ក្របី មាន់ ទា ជាពិសេស​ជាងនេះទៀត ត្រូវ​នាំគ្នា​វារីវប្បកម្ម ចិញ្ចឹម ក្តាម បង្គា ខ្យង និង​ធនធាន​ត្រី​សមុទ្រ​ជាច្រើន​ប្រភេទ​ទៀត ដើម្បី​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​មុខម្ហូប​សមុទ្រ ពី​ប្រទេសជិតខាង​ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​អនាគត​។​

​លោក យន្ត មីន បាន​អះអាងថា ទីតាំង​នៅតាម​តំបន់ឆ្នេរ​សមុទ្រ ខេត្ត​ព្រះសីហនុ បាន​អំណោយផល​ដល់​ការធ្វើ​វារីវប្បកម្ម ឬ​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​គ្រប់​ប្រភេទ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​នានា​ទូទាំងប្រទេស​កម្ពុជា ដោយ​មិនចាំបាច់​ពឹងផ្អែក​ការនាំ​ចូល​ពី​ប្រទេសជិតខាង ចូលមក​កម្ពុជា​នោះទេ​៕ សត្យា


×