Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​ក្នុង​សន្និសីទ​ជាន់ខ្ពស់​ស្តីពី​“​ការធានា​កំណើន​និង​ភាព​ធន់​នៅក្នុង​តំបន់​អាស៊ាន​៖ នយោបាយ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩”​​

ភ្នំពេញ៖ ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​ក្នុង​សន្និសីទ​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​និង​រដ្ឋ​ម​ន្រី្ត​ហិរញ្ញវត្ថុ​អាស៊ាន​ជាមួយនឹង​លោកជំទាវ Kristalina Georgieva នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ (IMF) ដែល​បាន​រៀបចំឡើង​រួមគ្នា​រវាង​ធនាគារកណ្តាល​
​វៀតណាម​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ស្តីពី​“​ការធានា​កំណើន​និង​ភាព​ធន់​នៅក្នុង​តំបន់​អាស៊ាន​៖ ន​យោ បាយ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩”​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​តាមរយៈ​វីដេអូ​ខន​ហ្វី​រិ​ន (Video Conference) កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​គោលបំណង​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​យោបល់​និង​បទពិសោធន៍​រវាង​អ្នករៀបចំ​គោលនយោបាយ​មកពី​ប្រទេស​នានា​ក្នុង​តំបន់ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដែល​រួមមាន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ទេសាភិបាល​ធនាគារកណ្តាល និង​នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដោយបាន​ពិភាក្សា​ពី​ការអនុវត្ត​នយោបាយ​សំខាន់ៗ សម្រាប់​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម ក៏ដូចជា​បញ្ហា​ប្រឈម​ចម្បងៗ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺជា​វិបត្តិ​មួយ​ដែល​ខុសប្លែក​ពី​វិបត្តិ​ដទៃទៀត ដោយ​មិនមាន​ប្រទេស​ណាមួយ​ដែល​អាច​គេច​ផុតពី​ឥទ្ធិពល​នៃ​វិបត្តិ​សុខភាព​និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ ហើយ​ភាពមិន​ប្រកដប្រជា​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅតែ​បន្ត​គំរាមកំហែង​នៅឡើយ​។

​ប្រទេស​សមាជិក​អាស៊ាន​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ រួមទាំង​គោលនយោបាយ​សារពើពន្ធ​និង​រូបិយវត្ថុ​វិត្ថារ​កម្ម និង​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​នានា សំដៅ​ជួយ​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន​ក្រីក្រ​និង​ងាយ​រងគ្រោះ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​។​
​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ វិធាន​ការដែល​បាន​ដាក់ចេញ​ទាំងនេះ​ត្រូវធ្វើឡើង​ដោយ​ផ្តោតលើ​គោលដៅ​ជាក់លាក់ និង​ត្រូវអនុវត្ត​ក្នុងដំណាក់កាល​និង​អំឡុងពេល​សមស្រប ដើម្បី​បញ្ចៀស​បញ្ហា Moral hazards និង​លទ្ធផល​ខុសពី​ការរំពឹងទុក ជាដើម​។

​នៅពេល​វិបត្តិ​នេះ​បញ្ចប់ អ្នករៀបចំ​នយោបាយ​ត្រូវ​ផ្តល់​អាទិភាព​ដល់​វិស័យ​សំខាន់ៗ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ហើយ​រដ្ឋាភិបាល​ដើរតួនាទី​ចម្បង​ក្នុងការ​បែងចែក​ធនធាន​ឱ្យមាន​ប្រសិទ្ធភាព​ទៅកាន់​វិស័យ​ដែលជា​កម្លាំង​ជំរុញ​កំណើន​ថ្មី ព្រមទាំង​ដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​ផ្សេងៗ និង​បង្កើន​ជំនឿ​ទុកចិត្ត​ក្នុង​ទីផ្សារ ដើម្បី​ជំរុញ​ការវិនិយោគ​របស់​វិស័យ​ឯកជន​។ ម្យ៉ាងទៀត វិបត្តិ​សុខភាព​នេះ​ក៏បាន​បង្កឱ្យមាន​បញ្ហា​ប្រឈម​ចម្បងៗ​មួយចំនួន ជាពិសេស​ការកើនឡើង​នូវ​ភាពក្រីក្រ​និង​វិសមភាព ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ត្រូវ​ព្យាយាម​កាត់បន្ថយ​មកវិញ​ក្រោយពេល​វិបត្តិ​។ បន្ថែម​លើ​នេះ បទពិសោធន៍​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ក៏បាន​បង្ហាញ​ពី​ការកើនឡើង​កម្រិត​បំណុល​របស់​អង្គភាព​គ្រួសារ ដែល​បណ្តាលមកពី​ការបាត់បង់​ការងារ​និង​ប្រាក់ចំណូល ដែល​នេះ​ក៏បាន​បង្ក​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​ទោះយ៉ាងណា វិបត្តិ​កូ​វីដ​-១៩​នេះ​បាន​ផ្តល់នូវ​កាលានុវត្តភាព​មួយចំនួន​ផងដែរ រួមមាន ការជំរុញ​ការវិនិយោគ​បៃតង ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ផល និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ សំដៅ​ស្វែងរក​ប្រភព​ថ្មី​សម្រាប់​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​៕​

ដោយ៖CEN

×