តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំទៅដល់បងប្អូនប្រជា កសិករដែលមកទទួលពូជស្រូវស្រាល ត្រូវធ្វើតេស្តសាកល្បងជាមុន ថាតើប្រភេទពូជស្រូវស្រាល ដែលបងប្អូនយកទៅធ្វើពូជសម្រាប់ដាំដុះ វានឹងដុះបានល្អឬយ៉ាងណា ព្រោះពូជស្រូវស្រាលនេះវាជាពូជស្រូវថ្មីពោលគឺទើបនឹងច្រូតថ្មីៗ ដើម្បីងាយស្រួលដល់បងប្អូនយកទៅដាំដុះ ទទួលបានលទ្ធផលល្អនឹងច្រើនតោន ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាកសិករជាង៥០០គ្រួសារ ក្នុងពិធីចែកពូជស្រូវប្រភេទស្រាល ជូនប្រជាកសិករដែលរងគ្រោះខូចខាតដំណាំស្រូវដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងរយៈពេល១ថ្ងៃពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកសំរោង ស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការទទួល ពូជស្រូវស្រាលយកមកស្តារផ្ទៃដីរបស់បងប្អូនប្រជាកសិករដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នាឆ្នាំនេះ មុននឹងយកស្រូវពូជទាំងនេះមកធ្វើការដាំដុះនៅក្នុងស្រែរបស់បងប្អូន សូមបងប្អូនធ្វើការសាកល្បងដោយយកពូជស្រូវស្រាលនេះ មកសាកល្បងតាមវិធីសាស្ត្រត្រឹមត្រូវ ហើយទុកន្លោះពីរយៈពេល១០ទៅ២០ថ្ងៃ ហើយយកមកត្រាំទឹក ប្រសិនបើពូជស្រូវនេះវាដុះ មានន័យថា បងប្អូនអាចយកមកធ្វើការដុះដាំព្រោះនៅក្នុងផ្ទៃដីស្រែរបស់បងប្អូនបានហើយ ។
លោកជំទាវ ចាន់ ផលលឿន បានបញ្ជាក់ទៀតថា ពូជស្រូវស្រាលនេះ គឺជាពូជស្រាលមិនប្រកាន់រដូវហើយឆាប់ទទួលបានផល ហើយក្នុងនោះដែរ សូមបងប្អូនប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះនឹងថែរក្សាឲ្យទទួលបានលទ្ធផលអោយបានច្រើនតោន សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់បងប្អូននៅក្នុងរដូវកូវីដ១៩នេះ ។
ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ចូលរួមសោកស្តាយ ចំពោះការប៉ះពាល់ទៅដល់ទ្រព្បសម្បត្តិនិងខូចខាតផលដំណាំនឹងស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចេញបទបញ្ហាដល់ក្រសួងកសិកម្មត្រូវបញ្ជេញស្រូវពូជ សម្រាប់ចែកជូន ទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អោយបានទាន់ពេលវេលា ក្រោយពីទឹកបានចាប់ផ្តើមស្រក ពោលគឺលោកតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំនឹងក្រើនរំលឹកបន្ថែមទៀត ទៅដល់បងប្អូនប្រជាកសិករ សូមបន្តប្រុងប្រយ័ត្ននឹងយកចិត្តទុកដាក់ថែរក្សាសុខភាព និងមានអនាម័យជានិច្ច ពិសេសគឺពាក់ម៉ាស និងមានអាគុលឬជែលជាប់ខ្លួនគ្រប់ពេល ហើយរួមគ្នាអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបានល្អ ដើម្បីរួមគ្នាទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលដល់សហគមន៍របស់យើង ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានបញ្ជាក់ថា នៅក្នុងអំឡុងពេលជំនន់ទឹកភ្លៀងរយៈពេលកន្លងមក ខេត្តតាកែវ ទទួលរងផលប៉ះពាល់ផ្ទៃដី ស្រែវស្សា និងស្រែប្រាំងរបស់កសិករចំនួន ៣២៥៧ហិកតា នឹងខូចខាតទាំងស្រុងចំនួន៤៤៣ហិកតា ក្នុងនោះស្រុកចំនួន៥ដែលរងផលប៉ះពាល់ នឹងខូចខាត ៕ដោយ៖ តាកែវ