Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​អា​សិប នឹង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​ថ្ងៃអាទិត្យ​នេះ​

​ភ្នំពេញ​៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ឲ្យ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ត្រៀម​ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​តំបន់​តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ឬ ហៅ​កាត់​ថា អា​សិប​ទាំងអស់ និង​អគ្គលេខាធិការ​អាស៊ាន ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) និង​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​អ្នកចរចា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល ៨ ឆ្នាំនេះ និង​បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​សេសសល់ ដោយបាន​បញ្ចប់​ការចរចា​ទាំងស្រុង ស្របតាម​អាណត្តិ​ផ្តល់ឱ្យ​ដោយ​ប្រមុខ​ដឹកនាំ​អា​សិប កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប លើក​ទី​៣ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​។​

​រដ្ឋមន្ត្រី​ទាំងអស់ បានបញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​ក្នុងការ​បញ្ចប់​នីតិវិធី​ក្នុងស្រុក រួមទាំង​ការស្នើសុំ​សិទ្ធិ​ប្រទាន​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អា​សិប​លើក​ទី​៤ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​លោក សុខ សុ​ភ័​ក្រ​ថា ការបញ្ចប់​ការចរចា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​ក្នុងឆ្នាំនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​ស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​ឆាប់រហ័ស​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ការពង្រីក​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​ជាពិសេស​ជា​បង្ហាញ​ជំហរ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់​។

​លោក​ថា​៖«​កិច្ចព្រមព្រៀង​អា​សិប​នេះ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែល​បង្កើតបាន​ទីផ្សារ​ទំហំ ២.២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​រួមគ្នា​ប្រមាណ ២៦.២ ទ្រី​លាន ដុល្លា​អាមេរិក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក (​ផ្អែកលើ​ទិន្នន័យ​ឆ្នាំ​២០១៩)»​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​ទាំងអស់ ក៏បាន​បញ្ជាក់​ជាថ្មី​ថា កិច្ចព្រមព្រៀង​អា​សិប​នៅតែ​បើកចំហ​ទទួល​ស្វាគមន៍​ភាគី​ឥណ្ឌា​ជានិច្ច​៕
ដោយ​៖CEN


×