Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ដំណាច់ខែ​កញ្ញា​ឆ្នាំ ២០២០ នេះ កម្ចី​អចលនទ្រព្យ​កើន​ដល់ ៤,៦​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ បើ​យោងតាម​របាយការណ៍​ត្រីមាស​ទី​៣​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅថា CBC បានបង្ហាញ​ឱ្យដឹងថា កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ផ្តល់​ឲ្យ​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ឆ្នាំ​២០២០​នេះ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។​

​ទិន្នន័យ CBC បាន​បង្ហាញថា កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​កើន​ដល់ ៤,៦ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់​ខែកញ្ញា​ឆ្នាំ ២០២០ នេះ ដែល​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី​ត្រឹម ៣,៩ ពាន់​លាន​ដុល្លារ​កាលពី​ដំណាច់ឆ្នាំ​២០១៩​។​

​កម្ចី​អចលនទ្រព្យ ជា​ផ្នែក​មួយ​នៃ​ឥណទាន​លក្ខណៈ​បុគ្គល ដែល​កត់ត្រា​ដោយ CBC ហើយ​បើ​គិត​មក​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០២០​នេះ កម្ចី​លក្ខណៈ​បុគ្គល បាន​កើន​ដល់ ៩,១១ ពាន់​លាន​ដុល្លារ​។ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល រួមមាន​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង​កម្ចី​អចលនទ្រព្យ​។ ចំនួន​ប្រជាជន​កម្ពុជា ដែល​ស្នើសុំ​កម្ចី​អចលនទ្រព្យ កើន​ខ្ពស់​ឡើងវិញ​នៅក្នុង​អំឡុង​ខែ កក្កដា រហូតដល់​ដំណាច់​ខែកញ្ញា​ឆ្នាំនេះ ដោយ​ចំនួន​អ្នកស្នើសុំ​កើនឡើង ៥០% បើ​ធៀប​នឹង​បី​ខែ​មុន (​មេសា​-​ឧសភា​-​មិថុនា​) នៃ​ត្រីមាស​ទី​២​។ របាយការណ៍​នេះ​បាន​បង្ហាញថា នៅ​ត្រីមាស​ទី​៣​នេះ ទំហំ​ទឹកប្រាក់ នៃ​ការស្នើសុំ​កម្ចី​អចលនទ្រព្យ​កើនឡើង ៣៦​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​២​។​

​អ្នកជំនាញ​លើកឡើងថា ការ​ងើប​ឡើងវិញ​នៃ​ការស្នើសុំ​កម្ចី​អចលនទ្រព្យ ក្នុងអំឡុង​ត្រីមាស​ទី​៣​នេះ បង្ហាញ​ពី​សកម្មភាព​សេដ្ឋកិច្ច ចាប់ផ្តើម​វិល​ទៅរក​សភាព​ដើម​វិញ បន្ទាប់ពី​ទទួលរង​នូវ​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ការិយាល័យ​ឥណទាន​កម្ពុជា បានឱ្យដឹងថា «​នៅក្នុង​ត្រីមាស​ទី​៣​នេះ ទីផ្សារ​ឥណទាន​មាន​ភាព​វិជ្ជមាន បន្ទាប់ពី​មានការ​ថយចុះ​កាលពី​ត្រីមាស​មុន​»​។​

​លោក​បាន​បន្ថែមថា ការកើនឡើង​បណ្តាលមកពី​កំណើន​នៃ​ពាក្យស្នើសុំ​ឥណទាន និង​ដំណើរការ​ឥណទាន​នៅក្នុង​ទីផ្សារ​ជា​លក្ខណៈ​បុគ្គល បើទោះបីជា​មានការ​កើនឡើង​នៃ​អនុ​បាទ​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត ៣០ ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់ ប៉ុន្តែ​វា​នៅតែ​ទាប​ត្រឹម ២,៤២% នៃ​គ្រប់​តំបន់​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​៕
ដោយ​៖CEN​

×