ភ្នំពេញ ជនសង្ស័យ១នាក់ជិះម៉ូតូឌ្រីមសង់ធ្វើសកម្មភាព ឆក់ខ្សែកពីស្ត្រីម្នាក់កំពុងដើរបានសម្រេច ត្រូវជនរងគ្រោះស្រែកចោរៗ ត្រូវបានម៉ូតូកង់បីបើកគៀរឲ្យដួល ប្រជាពរដ្ឋចាប់វាយម្នាក់មួយដៃមួយជើង រួចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង១៥នាទីថ្ងៃអាទិត្យថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបុរីភ្នំពេញថ្មី ចំណុចផ្ទះលក់ថ្នាំពេទ្យ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះង៉ែត ហ៊ុន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរចុងភៅធ្វើម្ហូបឲ្យជនជាតិចិន ស្នាក់នៅក្នុងបុរីពិភពថ្មី មានស្រុកកំណើតស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមប្រភពពីជនរងគ្រោះបានឲ្យថា មុនពេលកើតហេតុ រូបគាតា់បានដើរចេញពីទិញមីផ្ទះលក់ចាប់ហួយមួយកន្លែង ពីកើតទៅលិចទៅបុរីវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម 1Y 5188 ជិះមកពីកើតទៅលិចមកពីក្រោយបានធ្វើសកម្មភាពឆក់ខ្សែ ក ទំម្ងន់៥ជី បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកចោរៗ ប្រជាពរដ្ឋកំពុងបើកកង់បីឥណ្ឌា ឃើញហេតុការណ៍បានគៀរឲ្យដួលព័ទ្ធចាប់បានស្វាគមន៍ឡើងចាស់ដៃ រួចកប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ ត្រូវសមត្ថកិច្ចនាំមកដាក់ពាក្យបណ្ដឹង ដើម្បីដាក់ទោសទណ្ឌទៅលើជនសង្ស័យតាមផ្លូវច្បាប់៕ ដោយ៖ផាន់ណា+មីដា