ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Jetstar Asia នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរឆ្លងកាត់ អាកាសយាន
ដ្ឋានចាងងីចាប់ពីថ្ងៃទី ១ ធ្នូនេះតទៅ ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី ៤ ចាប់ផ្តើមប្រតិបត្តិការហោះហើរនៅពេលដែលប្រទេសសឹង្ហបូរីបើកព្រំដែនជាបណ្តើរៗ ។
អ្នកដំណើរពី បាងកក, ហូជីមិញ, ហ្សាកាតា, គូឡាឡាំពួ, ប៉េណាំង និងភ្នំពេញអាចធ្វើដំណើរឆ្លងកាត់ប្រទេសសឹង្ហបុរីទៅទិសដៅចំនួនប្រាំបួនទៀត ដែលបម្រើដោយក្រុមហ៊ុនអាកាសចរណ៍ ប្រសិនបើការតភ្ជាប់របស់ពួកគេមានរយៈពេល ៤៨ ម៉ោង។
ចាប់តាំងពីថ្ងៃទី ២ មិថុនា អ្នកធ្វើដំណើរត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់អាកាសយានដ្ឋាន Changi ដោយអនុវត្តិវិធានការបង្ការការពារជំងឺកូវីដ១៩ ។
រហូតមកដល់ពេលនេះជើងហោះហើរឆ្លងកាត់ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីអ៊ែរឡាញគ្រុប ដែលរួមមាន SIA, SilkAir និង Scoot។
ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់តម្រូវឲ្យត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធ ហើយពួកគេត្រូវតែបំពេញតាមល័ក្ខខណ្ឌតម្រូវសម្រាប់ទិសដៅរបស់ពួកគេ។
នៅកន្លែងចុះឈ្មោះអ្នកដំណើរនឹងទទួលបានខ្សែដៃដែលពួកគេតម្រូវឱ្យពាក់នៅគ្រប់ដំណើររបស់ពួកគេដើម្បីសម្គាល់ពីអត្តសញ្ញាណអ្នកដំណើរ ដែលងាយស្រួលដល់បុគ្គលិកអាកាសយានដ្ឋាននិងអាកាសចរណ៍។
នៅពេលមកដល់សិង្ហបុរីបុគ្គលិកអាកាសយានដ្ឋាននឹងជួយឲ្យអ្នកដំណើរឆ្លងកាត់ ហើយណែនាំពួកគេទៅកាន់តំបន់មួយឬសណ្ឋាគារឆ្លងកាត់។ អ្នកដែលមានពេលវេលាតភ្ជាប់ហៀបនឹងចេញដំណើរត្រូវនាំទៅច្រកចេញដំណើរដោយផ្ទាល់។
នៅពេលយន្តហោះហៀបនឹងចេញដំណើរ អ្នកដំណើរទាំងអស់នឹងត្រូវបានអមដំណើរទៅច្រកចេញដំណើររបស់ពួកគេហើយទៅតំបន់កំណត់មួយ ពីកន្លែងដែលពួកគេនឹងឡើងជិះយន្តហោះបន្ទាប់ពីអ្នកដំណើរផ្សេងទៀត។
Jetstar Asia បាននិយាយថា វិធានការណ៍ទាំងនេះ នឹងមិនអនុវត្តចំពោះអ្នកដំណើរឆ្លងកាត់ដែលធ្វើដំណើរមកពីប្រទេសវៀតណាមនោះទេ ខណៈដែលប្រទេសសិង្ហបុរីបានដកការរឹតត្បិតព្រំដែនរវាងអ្នកដំណើរមកពីប្រទេសវៀតណាម។
អ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកដល់ប្រទេសសឹង្ហបុរីត្រូវពាក់ម៉ាស់ការពារគ្រប់ពេលវេលានិងអនុវត្តការគម្លាតសង្គម៕
ប្រភព៖ CNA
ដោយ៖CEN