ភ្នំពេញ៖ វិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ដែលជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មជាច្រើន បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដោយបានកាត់បន្ថយសេវាដឹកជញ្ជូនរហូតដល់ ៧០ ភាគរយ ខណៈដែលការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជា បានបិទស្ទើរតែទាំងស្រុងប្រមាណ៩៦%។
លោក ជា ចាន់ដារា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញនៅកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីកូវីដ១៩ចូលមក វិស័យដឹកជញ្ជូនទំនិញមានការធ្លាក់ចុះ។ បញ្ហាធ្លាក់ចុះដោយសារ ពេលទំនិញត្រូវបញ្ជូនចេញ ប្រទេសក្រៅមួយចំនួនអត់ទទួលទេ។ បញ្ហាមួយទៀត អ្នកដែលបានបញ្ជារទិញហើយ ខ្វះគ្រឿងបន្ទាប់បន្សំ។ ទោះជាយ៉ាងណា ចាប់តាំងពីស្ថានភាពកូវីដ១៩ នៅកម្ពុជាបានថយចុះ ការដឹកជញ្ជូនទំនិញ ក៏ចាប់ផ្តើមកើនឡើងវិញផងដែរ។
លោក ជា ចាន់ដារា បន្តថា បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញចេញចូលប្រទេសកម្ពុជា បានងើបល្អប្រសើរឡើងវិញហើយ ខណៈការដឹកជញ្ជូនតាមផ្លូវសមុទ្របានឡើងថ្លៃ។
ពាក់ព័ន្ធជាមួយនឹងតម្លៃ នៃការដឹកទំនិញនេះ លោក បានបន្តឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវសមុទ្រ មានការឡើងថ្លៃ បើធៀបនឹងមុនពេលមានការផ្ទុះឡើង នៃវីរ៉ុសកូវីដ-១៩ ដោយសារមានតម្រូវការដឹកច្រើន។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវគោក មិនមានការឡើងថ្លៃនោះទេ។
ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា រដ្ឋាភិបាលបានផ្តល់អាទិភាពដល់វិស័យមួយចំនួន ដូចជាសហគ្រាសធុនតូចនិងមធ្យម និងសេវាកម្មទេសចរណ៍ជាដើម ក្នុងការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការបន្ធូរបន្ថយតម្រូវការមួយចំនួន ប៉ុន្តែមិនបានផ្ដល់ដល់វិស័យដឹកជញ្ជូន ដែលជាឧស្សាហកម្មមួយ ក្នុងចំណោម ឧស្សាហកម្មជាច្រើន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ផងដែរនោះទេ។
គួរបញ្ជាក់ថា ការដឹកជញ្ជូនទំនិញរបស់កម្ពុជា តាមរយៈកំពង់ផែនានា ភាគច្រើនគឺជាផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែកជើង និងផលិតផលអេឡិចត្រូនិច ក៏ដូចជាផលិតផលវត្ថុធាតុដើម៕
ដោយ៖CEN