រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យ (២២ វិច្ឆិកា) ថាទីក្រុងនិងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង នឹងតម្រូវឲ្យបិទបារនិងក្លិបកម្សាន្តរាត្រី កំណត់ការជួបជុំសាសនា និងរឹតត្បិតសេវាកម្មនៅតាមភោជនីយដ្ឋានក្នុងគោលបំណងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៣៣០ នាក់គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ បន្ទាប់ការធ្លាក់ចុះពីប្រមាណ ៣៨៦ករណី ដែលបានរាយការណ៍កាលពីថ្ងៃមុន ប៉ុន្តែ៥ថ្ងៃជាប់ៗគ្នាមានករណីឆ្លងថ្មីរហូតដល់ជាង៣០០ករណី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Park Neung-hoo បានថ្លែងនៅក្នុងសន្និសីទកាសែតថា “ការផ្ទុះឡើងនៃរលកទី៣នៃកូវីដ១៩គឺកំពុងកើនឡើងយ៉ាងខ្លាំង” ហើយស្ថានភាពគឺធ្ងន់ធ្ងរបំផុត។ លោកបាននិយាយថាការផ្ទុះឡើងនៅទូទាំងប្រទេសកូរ៉េ ត្រូវបានឆ្លងជាចង្កោមនៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូលដែលមានប្រជាជនយ៉ាងច្រើន ដែលមានប្រជាជនជាងពាក់កណ្តាលក្នុងចំណោមប្រជាជន ៥២ លាននាក់របស់ប្រទេសនេះ។
គិតត្រឹមថ្ងៃអង្គារនេះ ហាងកាហ្វេធំ ៗ នៅតំបន់សេអ៊ូលនឹង តម្រូវឲ្យ ផ្តល់ជូនតែសេវាកម្មដឹកដល់ផ្ទះនិងដឹកជញ្ជូនប៉ុណ្ណោះ ខណៈភោជនីយដ្ឋាននានាត្រូវបិទចំពោះការមកទទួលទាននៅកន្លែងផ្ទាល់ បន្ទាប់ពីម៉ោង ៩ យប់។ ការរឹតបន្តឹងផ្សេងទៀតនឹងត្រូវបានដាក់នៅតាមកន្លែងនានាដូចជាកន្លែងហាត់ប្រាណជាមួយនឹងហាមចូលរួមក្នុងពិធីជួបជុំសាសនានិងព្រឹត្តិការណ៍កីឡា។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា កាលពីព្រឹកថ្ងៃដដែលលោកនាយករដ្ឋមន្ត្រី Chung Sye-kyun បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា បទបញ្ញត្តិនៃគម្លាតសង្គមអាចនឹងត្រូវការជាចាំបាច់ ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលកាន់តែធំ។
លោកជុងបាននិយាយថា៖«យើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការប្រឈមនឹងការឆ្លងដ៏ច្រើននៅទូទាំងប្រទេស» ។ គោលការណ៍ណែនាំស្តីពីការការពារដែលត្រូវបានរឹតបន្តឹង គឺមានគោលបំណងមួយផ្នែកដើម្បីអនុញ្ញាតឱ្យនិស្សិតបន្តការប្រឡងចូលមហាវិទ្យាល័យប្រចាំឆ្នាំ ដែលមានការប្រកួតប្រជែងខ្ពស់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែធ្នូ។
ប្រទេសកូរ៉េខាងត្បួងបានប្រើការធ្វើតេស្តិ៍និងការខិតខំប្រឹងប្រែងយ៉ាងដាច់ខាតដើម្បីលុបបំបាត់ការផ្ទុះឡើងដោយមិនចាំបិទប្រទេស។ ប៉ុន្តែប្រទេសនេះត្រូវបានញាំញីដោយចំនួននៃការឆ្លងតិចតួច ដែលនាំឱ្យមានករណីសរុបដល់ទៅ ៣០.៧៣៣ នាក់ដែលមានចំនួន ៥០៥ នាក់បានស្លាប់។
កាលពីថ្ងៃសៅរ៍មន្ត្រី KDCA បាននិយាយថាប្រទេសនេះ អាចប្រឈមមុខនឹងការផ្ទុះឡើងវិញ ដែលហួសពីរលកទី២ប្រសិនបើវាមិនបានទប់ស្កាត់ពីការរីករាលដាលនាពេលបច្ចុប្បន្ននេះ៕
ប្រភព៖ Reuters
ដោយ៖CEN