ប្រសិនបើអ្នកចង់ក្លាយជាអភិបាលរដ្ឋមួយ នៅរុស្ស៊ី នោះប្រហែលជាអ្នកនឹងត្រូវលោតពីលើជញ្ជាំងភ្នំកម្ពស់រាប់ម៉ែត្រ ដើម្បីបញ្ជាក់ពីទឹកចិត្តក្លាហានរបស់ខ្លួន។
តាម RT បណ្តាអភិបាលអនាគតរបស់រុស្ស៊ី អាចនឹងត្រូវឲ្យបង្ហាញភាពរឹងមាំរបស់ខ្លួនដោយលោតចេញពីជញ្ជាំងភ្នំកម្ពស់៧ម៉ែត្រ នៅ Sochi នាដើមខែតុលា ឆ្នាំ២០១៧នេះ។ នាយខុទ្ទកាល័យរងទី១ របស់វិមានក្រែមឡាំង Sergey Kiriyenko បានប្រាប់គេហទំព័រ Gazeta ថា ៖ “នេះជាសកម្មភាពដើម្បីសាងស្មារតីយុទ្ធមិត្តល្អបំផុត” ។
លោតពីលើជញ្ជាំងភ្នំ ជាផ្នែកមួយនៃកម្មវិធី “ជ្រលងភ្នំ” ស្ថិតក្នុងគ្រោងការណ៍បណ្តុះបណ្តាល៩ខែ សម្រាប់មន្ត្រីជាន់ខ្ពស់ ក្នុងបណ្តាតំបន់របស់រដ្ឋាភិបាលរុស្ស៊ី។ “ជ្រលងភ្នំ” ជាកម្មវិធីដ៏តឹងតែង១ បង្ខំឲ្យអ្នកចូលរួមត្រូវឆ្លងកាត់ជ្រលងភ្នំទាំងឡាយ ដោយពុំមានជំនួយពីឧបករណ៍ពិសេសៗអ្វីទេ។
វិទ្យាស្ថានប្រធានាធិបតីរុស្ស៊ី ដែលជាអង្គភាពរៀបចំកម្មវិធីនេះឡើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា ៖ “អ្នកចូលរួមត្រូវលុយទឹកជ្រោះ ឆ្លងកាត់បណ្តាឧបសគ្គ “រារាំងផ្លូវ” ហើយលោតចុះពីលើជញ្ជាំងភ្នំមួយ…។ វាគឺជាការត្រួតពិនិត្យមើលប្រតិកម្មរបស់មនុស្សទាំងនោះ ពេលមានករណីតានតឹងកើតមានឡើង”។
តាម Gazeta នោះការលោតចុះពីលើជញ្ជាំងភ្នំពុំជាវិញ្ញាសារចាប់បង្ខំឡើយ ហើយមន្ត្រីមួយចំនួនពុំអាចចូលរួមក្នុងកម្មវិធីនេះបានព្រោះ…រវល់ការងារ ៕