លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា ដែលទើបចប់អណត្តិ រួមជាមួយលោកស្រីប្រធានតំណាងទើបតែងតាំងថ្មី គឺលោកស្រី KAMEI Haruko និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់ទៅលើវិស័យអភិវឌ្ឍន៍ទឹកស្អាត និងការបណ្តុះបណ្តាលធនធានមនុស្ស ។
មានប្រសាសន៌នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់អង្គការJICA នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៌ជាច្រើន ។
លោកមានប្រសាសន៍ថា ក្នុងវិស័យទឹកស្អាត ប្រទេសជប៉ុន តាមរយៈអង្គការ JICA និងទីក្រុង Kitakyushu ជាដើម បានដើរតួយ៉ាងសំខាន់ ហើយប្រជាជនកម្ពុជា ដែលទទួលបានទឹកស្អាតប្រើប្រាស់បច្ចុប្បន្ន នៅចងចាំជានិច្ចនូវជំនួយរបស់ជប៉ុនលើវិស័យទឹកស្អាត។
លោកទេសរដ្ឋមន្ត្រី សង្ឃឹមថា៖«លោកស្រី KAMEI Haruko ប្រធានតំណាងអង្គការ JICA ទើបតែងតាំងថ្មី នឹងបន្តអនុវត្តន៍គម្រោងដែលនៅសេសសល់ឲ្យសម្រេចបានជោគជ័យ ជាពិសេស គម្រោងអភិវឌ្ឍទឹកស្អាតនៅខេត្តស្វាយរៀង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តជាប់ព្រំដែនមួយនេះ ។»
លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ដែលទើបចប់អណត្តិ និងលោកស្រីប្រធានតែងតាំងថ្មី បានបង្ហាញនូវជំហរបន្តសហការជាមួយក្រសួង ជាពិសេសស លើវិស័យទឹកស្អាត ។ ក្នុងនោះការណ្តុះបណ្តាលធនធានមនុស្សក៏ជាកត្តាសំខាន់មួយ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្តូរឈ្មោះ ដោយបន្ថែម វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះផងដែរ ។
សូមបញ្ជាក់ថា ទីភ្នាក់ងារ JICA គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងច្រើនជាងគេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៌ធនធានមនុស្ស ដូចជា គម្រោងកសាងសមត្ថភាព ដែលជំហ៊ានទី១ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ និងបានអនុវត្តជាបន្តបន្ទាប់នូវជំហ៊ានទី២ និងជំហ៊ានទី៣ ហើយមកដល់បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាននឹងកំពុងអនុវត្តគម្រោងកសាងសមត្ថភាពរបស់អគ្គនាយកដ្ឋានទឹកស្អាត ក្នុងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា ។
តាមរយៈគម្រោងទាំងនេះ មន្ត្រីជំនាញជាច្រើនត្រូវបានទទួលការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង ដែលបង្កើតបានជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ប្រកបដោយចិរភាព ។ ក្រៅពីគម្រោងកសាងសមត្ថភាព ទីភ្នាក់ងារ JICA ក៏បានផ្តល់ហិរញ្ញប្បទានសម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ក៏ដូចជាអង្គភាពទឹកសាធារណៈ ។
ជាក់ស្តែងបានបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកក្រុងភ្នំពេញ ប្រមាណ ២៥០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ប្រមាណ៧០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អង្គភាពរដ្ឋាករទឹកបាត់ដំបង ជាង២០.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ រដ្ឋាករទឹកខេត្តកំពង់ចាម ជាង ១០.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អង្គភាពរដ្ឋាករទឹកខេត្តកំពត ជិត ៨.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ព្រមទាំងគម្រោងផ្លាស់ប្តូរ និងពង្រីកបណ្តាញចែកចាយនៅតាមបណ្តាខេត្ត ដូចជា៖ ខេត្ត ពោធិ៍សាត់ បាត់ដំបង និងខេត្តព្រះសីហនុផងដែរ ។
ក្រៅពីនេះ ទីភ្នាក់ងារ JICA បាននឹងកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ៦.៦០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងកំពុងពិចារណាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ៦.៨០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ជាដើម៕ ដោយ ៖ CEN