ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស បានយាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះពិធីដង្ហែព្រះអដ្ឋិនៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក ដើម្បីតម្កល់ទុកក្នុងព្រះចេតីយ៍ នាវត្តព្រែកប្រាំង ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
ក្នុងព្រះពិធីនេះមានការនិមន្តចូលរួមដោយសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរៈសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ហើយជាសម្តេចព្រះចៅអធិការវត្តព្រែកប្រាំង រួមទាំងបុត្រាបុត្រីទាំង៥អង្គនៃសម្តេចរាជបុត្រីព្រះរៀមក៏ដូចជាព្រះញាតិវង្ស និងសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គាររួមជាមួយមន្ត្រីនៃក្រសួងព្រះបរមរាជវាំងផងដែរ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផា ទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាព ដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវីគឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ខ្មែរ ជាដួងព្រលឹងរឹងមាំខ្លាំងក្លា ពិសេសតាំងពីសម័យសង្គមរាស្ត្រនិយម៕ ដោយ៖បញ្ញាស័ក្តិ