ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ។
គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្មនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហករកសិកម្មចំនួន ២៣០ និង សហគ្រាសកសិកម្មចំនួន ៥០ ក្នុង ខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ។
លោក Takeshi Ueda សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិនិងកសិកម្ម បានមានប្រសាសន៍ ថា៖“កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ប្រសិនបើ សហគ្រាសកសិកម្មធុនតូចនិងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុងនិងក្រៅប្រទេស ។ ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីជនបទ។”
ដោយមានពលរដ្ឋកម្ពុជាប្រមាណ ៧៦% រស់នៅតាមតំបន់ជនបទ កសិកម្មរួមចំណែក ២០,៧% ដល់ផលិតផលក្នុងស្រុកសរុប (GDP) និង ៣១,២% ដល់ការងារសរុបក្នុងឆ្នាំ២០១៩។ ឧស្សាហកម្ម នេះបានកើនឡើងជាមធ្យម ១,៧% ជារៀងរាល់ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ។ ផលិតផលកសិកម្មកែច្នៃ បច្ចុប្បន្នមានចំនួនត្រឹមតែ ៤.០% នៃ GDP ដោយសារតែកង្វះផលិតផលចម្រុះដែលផ្តល់តម្លៃបន្ថែម។ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ព្រមទាំងកាត់បន្ថយប្រាក់ ចំណូលនិងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។
គម្រោងនេះនឹងជួយសម្រួលដល់ការទទួលបានឥណទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ ១០% នៃហិរញ្ញប្បទានផ្លូវការសរុប។ គម្រោងនេះនឹងអនុវត្ត ប្រភេទ ហិរញ្ញវត្ថុ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទាន ជាដើម។
គម្រោងនេះនឹងគាំទ្រគំនិតផ្តួចផ្តើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារ ក្នុងខ្សែ សង្វាក់តម្លៃសម្រាប់ ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និង សាច់មាន់ស្រែ។ វានឹងជួយឱ្យ សហករណ៍ កសិកម្ម អនុវត្តសកម្មភាពកសិកម្មបានល្អ និងធ្វើឱ្យប្រសើរ នូវមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ ដើម្បី ទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍ គ្រាប់ ពូជ និងពូជបក្សីចញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះ រាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។ លើសពីនេះទៀត គម្រោងនេះ នឹងជួយ កែលម្អផ្លូវជនបទប្រវែង ១១០ គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង។
គម្រោងនេះនឹងសាកល្បងនូវ យន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន ៥ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund)។ ធនាគារអភិវឌ្ឍន៍ អាស៊ីក៏នឹងគ្រប់គ្រងប្រាក់កម្ចី ២៥ លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (Agence Française de Développement) និងជំនួយ ៣ លានដុល្លារពី មូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់នេះ៕
ដោយ៖CEN