ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មបានលើកបង្ហាញនូវគុណផលកីឡារបស់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ មានកម្រិតបច្ចេកទេសខ្ពស់ល្អជាងការប្រកួតជើងឯកថ្នាក់ជាតិ ២០១៩ ប៉ុន្តែគុណផលរបស់កីឡាករ កីឡាការិនីមិនទាន់ឈានដល់គុណផលស៊ីហ្គេម នៅឡើយទេ។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ ២០២០ ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តមបានលើកឡើងទៀតថា បើប្រៀបធៀបទៅលើគុណផលកីឡារបស់កីឡាករ កីឡាការិនី ដែលប្រកួត ជើងឯកឆ្នាំ២០២០នេះមានកម្រិតខ្ពស់ល្អជាង កាលពីឆ្នាំ២០១៩ កន្លងទៅ ប៉ុន្តែបើពិនិត្យលើគុណផល ប្រៀបធៀបនឹងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កន្លងមកនោះ គឺយើងមិនទាន់ឈានទៅដល់ក្នុងកម្រិតគុណផល ស៊ីហ្គេម នៅឡើយទេ។ ដូច្នេះហើយ ក្នុងនាមគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ឯកឧត្តមសំណូមពរ ដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សមាគម-ក្លិបរាជធានីខេត្តបន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងមេដាយច្រើនជូនជាតិមាតុភូមិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមសន្ទស្សន៍មេដាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដាក់ឲ្យសហព័ន្ធកីឡាជាតិនានា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលជាអគ្គលេខាធិការរង CAMSOC ដែលនោះ ក៏បានលើកឡើងនូវការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្នុងនោះវិស័យកីឡាក៏ត្រូវបានលើកកម្ពស់ឲ្យរីកចម្រើនដូចគ្នាផងដែរ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្កើត CAMSOC ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការទទួលរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងអំឡុងខែឧសភា គឺកម្ពុជានៅសល់មិនច្រើនទេ ពោលគឺនៅសល់ពេលប្រមាណ ៨៩០ថ្ងៃប៉ុណ្ណោះ ក្នុងការហាត់ហ្វឹកហ្វឺនឲ្យមានសិទ្ធផលខ្ពស់ ដើម្បីប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។ អ្វីដែលសហព័ន្ធត្រូវធ្វើ គឺការទទួលនូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ គឺការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ការបណ្តុះបណ្តាលមន្ត្រី បច្ចេកទេស ដើម្បីបម្រើដល់ការកាត់សេចក្តីការប្រកួត ក្នុងពេលស៊ីហ្គេម ២០២៣ ដែលកិច្ចការទាំងអស់នេះ សហព័ន្ធកំពុងធ្វើជាបណ្តើរៗ ដោយផ្អែកតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការសកម្មភាពរបស់សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត។ ឯកឧត្តមសង្កត់ធ្ងន់ថា នៅក្នុងកំណែទម្រង់នេះ មាន៤ចំណុចសំខាន់ៗ គឺការកែលម្អរជួសជុលហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត, ការបណ្តុះបណ្តាលធនធានមនុស្ស, កំណែទម្រង់ការប្រកួត និងពង្រឹងសហព័ន្ធកីឡាជាតិ ដែលក្នុងនោះការកែទម្រង់ការប្រកួត ដោយការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការប្រកួតមួយក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់វិញ្ញាសាអត្តពលកម្ម ក្នុងស៊ីហ្គេម ត្រូវមាន៤៧វិញ្ញាសា ហើយបច្ចុប្បន្ន កម្ពុជាបានត្រៀមបាន២៤វិញ្ញាសា ប្រមាណ៥០%ហើយ ហើយនៅសល់ពេល២ឆ្នាំទៀតយើងត្រូវតែពង្រីកធ្វើយ៉ាងណា ឲ្យត្រូវតាមស្តង់ដាអន្តរជាតិ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សមាគមក្លិបរាជធានីខេត្ត និងក្រសួងចំនួនពីរ ក៏ដូចជានាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាជាមួយសហព័ន្ធ ដែលបានធ្វើឲ្យដំណើរការប្រកួតរយៈពេល៣ថ្ងៃនេះមានភាពរលូន និងជោគជ័យតាមការគ្រោងទុក នាពេលនេះ។ ឯកឧត្តមប្រធានសហព័ន្ធក៏បានបង្ហាញនូវការកើតសរសើរ ចំពោះប្រតិភូ កីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមការប្រកួតគោរពបាននូវបទបញ្ជាបច្ចេកទេស ម្យ៉ាងទៀត មន្ត្រីបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលនោះ ក៏ត្រូវបានឯកឧត្តមលើកទឹកចិត្តអំពីការផ្តល់ភាពយុត្តិធម៌ សម្រាប់ការប្រកួត មានតម្លាភាពប្រកបដោយវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតអសរយៈពេល៣ថ្ងៃកន្លងមកនេះ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំង បានម្ចាស់ជ័យលាភី ដោយក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយសរុប១៦គ្រឿង ក្នុងនោះ មេដាយមាស១១គ្រឿង និងមេដាយប្រាក់៥គ្រឿង, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប១២គ្រឿង មាស៥ ប្រាក់២ និងសំរឹទ្ធ៥ និងចំណាត់ថ្នាក់លេខ៣ ខេត្តព្រៃវែង មេដាយសរុប៦គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ១ ។ ចំណាត់ថ្នាក់លេខ៤ ខេត្តកំពង់ធំ មេដាយ៦គ្រឿង មាស២ ប្រាក់៣ និងសំរឹទ្ធ១ ខណៈខេត្តកណ្តាល លេខ៥ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ២ និងខេត្តពោធិ៍សាត់ឈរលេខ៦ ឈ្នះមេដាយមាស១គ្រឿង។ ចំណែកឯ៦ខេត្តទៀតដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ និងខេត្តខ្លះទៀតមិនបានមេដាយសោះ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះបានប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ ដោយមានកីឡាករ កីឡាការិនីអត្តពលកម្មចូលរួមប្រកួតប្រជែងមេដាយសរុបចំនួន២០៥នាក់ (ស្រី៧៥នាក់) មកពី១៦រាជធានី-ខេត្ត និងក្រសួងចំនួនពីរ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ចំនួននេះបានកើនជាងឆ្នាំ២០១៩កន្លងទៅ ដែលមានត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានី-ខេត្ត និងពីរក្រសួង៕ ដោយ៖បញ្ញាស័ក្តិ