Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖​មកដល់​ឆ្នាំ​២០២០​ផ្ទៃដី​ដាំ​ដុះ​ម្រេច​កំពត កើនឡើង​ដល់ ២៩០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​ចំនួន ជាង​៨០​តោន​

spot_img

​កំពត​៖ រហូតមកដល់​ឆ្នាំ​២០២០​នេះ មាន​ផលិតករ​សរុប​ចំនួន ៤៥៥​គ្រួសារ ក្រុមហ៊ុន​ចំនួន ៣៨ និង​ផ្ទៃដី​ដាំ​ដុះ​កើនឡើង​ដល់ ២៩០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​ម្រេច បាន​រហូតដល់​ចំនួន ៨២,៧៨​តោន និង​មាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ដោយ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​”​។​

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ឧបករណ៍​វេច​ខ្ចប់ និង​ការបញ្ជាទិញ “​ម្រេច​កំពត​” របស់​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU Land and Pepper ដែល​បានរ​រៀបចំឡើង​នៅ​ទីស្នាក់ការ​សមាគម​លើកកម្ពស់​ម្រេច​កំពត ខេត្តកំពត ដោយមាន​ការចូលរួម​ពី លោក Stěpán Vojnár ភារធារី​នៃ​ស្ថានទូត​ឆែក និង​ជា​អគ្គរដ្ឋទូត​ស្តីទី សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួងពាណិជ្ជកម្ម តំណាង​ក្រុមហ៊ុន EU Land and Pepper Investment ព្រមទាំង​ផលិតករ​ម្រេច​កំពត​ជាច្រើនរូប​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​និង​កោតសរសើរ​ខ្ពស់​ចំពោះ លោក Stěpán Vojnár ភារធារី​នៃ​ស្ថានទូត​ឆែក និង​ជា​អគ្គរដ្ឋទូត​ស្តីទី សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន EU Land and Pepper Investment ដែល​បន្ត​គាំទ្រ និង​ជាពិសេស សហការ​រៀបចំ​ពិធី​ប្រគល់​ទទួល​ម៉ាស៊ីន​វេច​ខ្ចប់ និង​បញ្ជា​ទិញ “​ម្រេច​កំពត​” ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដែលជា​សកម្មភាព​ដ៏​សំខាន់​មិនអាច​កាត់ថ្លៃ​បាន ព្រោះ​បាន​ចូលរួម​ក្នុងការ​សម្រួល​បន្ទុក និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​ផលិតករ​ម្រេច​កំពត​កំពុង​ជួបប្រទះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ផលិតករ​ម្រេច​កំពត​ទាំងអស់ ឱ្យ​បន្ត​សហការ​និង​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុង​សកម្មភាព​លើកកម្ពស់​ម្រេច​កំពត​កម្ពុជា និង​បានផ្តល់​អនុសាសន៍​មួយចំនួន សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ដើម្បី​បង្កើន​ទំនុកចិត្ត​ចំពោះ​អ្នកប្រើប្រាស់ និង​ការស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​ជាមួយនឹង​សហព័ន្ធ​ម្រេច​កម្ពុជា និង​សហគមន៍​ម្រេច​ពិភពលោក (World Pepper Community) ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​លុបបំបាត់​និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​”​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា​ការជ្រើសរើស និង​ចុះបញ្ជី “​ម្រេច​កំពត​” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១០ ដែល​ចាប់​ផ្តើមដំបូង មាន​ផលិតករ​ចំនួន ១១៨​គ្រួសារ ក្រុមហ៊ុន​ចំនួន ១២ និង​ផ្ទៃដី​ដាំ​ដុះ​ចំនួន ១០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បានតែ ១០​តោន​ប៉ុណ្ណោះ ប៉ុន្តែ​មកដល់​ឆ្នាំ​២០២០​នេះ មាន​ផលិតករ​សរុប​ចំនួន ៤៥៥​គ្រួសារ ក្រុមហ៊ុន​ចំនួន ៣៨ និង​ផ្ទៃដី​ដាំ​ដុះ​កើនឡើង​ដល់ ២៩០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បាន​រហូតដល់​ចំនួន ៨២,៧៨​តោន និង​មាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ដោយ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” ត្រូវ​បានទទួល​ការចុះបញ្ជី​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់ និង​សកលលោក ហើយ​ទទួលបាន​ការការពារ​នៅ​ប្រទេស ថៃ វៀតណាម និង​សហភាព​អឺរ៉ុប ហើយ​ថ្មីៗ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ជួយ​សម្របសម្រួល​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ”​ម្រេច​កំពត​” ជា​អន្តរជាតិ នៅ​បណ្តា​ប្រទេស​ចំនួន​៥០ ក្រោម​ច្បាប់​ស្តីពី​ទីក្រុង​ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន ស្តីពី​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​អំពី​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បន្ត​គំរាមកំហែង​ដល់​សេដ្ឋកិច្ច និង​សង្គម​ជាស​កល ចំណែក​ប្រទេស​កម្ពុជា​វិញ ក្រោម​ការដឹកនាំ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រក​ដោយ​គតិបណ្ឌិតរ​បស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កម្ពុជា​អាច​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាក់ស្ដែង​ការត្រួតពិនិត្យ និង​គ្រប់គ្រង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា កាលពី​កន្លងទៅនេះ និង​បាន​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យ​ស្ថិតនៅក្នុង​រង្វង់​ដែល​គ្រប់គ្រង​បាន ដែល​ថ្មីៗ​នេះ កម្ពុជា​ទទួលបាន​ការ​កោតសរសើរ​ពី​អង្គការ​សុខភាព​ពិភពលោក ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ី និង​លេខ​៣ នៅក្នុង​ពិភពលោក ក្នុងចំណោម​១៦៦​ប្រទេស ថា​ជា​ប្រទេស​ដែលមាន​ការគ្រប់គ្រង​លើ​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​បានល្អ​ជាងគេ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×