Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​យើង​បាន​ឆ្លងកាត់​សមរភូមិ​៣​ក្នុងការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​-១៩​នេះ​

​សៀមរាប​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជា​យើង​បាន​ឆ្លងកាត់​សមរភូមិ​៣​ក្នុងការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​-១៩​នេះ ដែល​សមរភូមិ​ទី​១ គឺ​ការទប់ស្កាត់​ការនាំ​ចូល​ជំងឺ​ពី​ក្រៅ សមរភូមិ​ទី​២ គឺ​ការបង្ការ​ការពារ​ការ​ចូល​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ការព្យាបាល​អ្នក​ដែល​កើត​អោយ​ជាសះស្បើយ ដូច្នេះ​យើង​ត្រូវ​អនុវត្តតាម​សមរភូមិ​នេះ​ជា​បន្តបន្ទាប់​ទៀត​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤​គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិ​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ អាមេរិក និង​ថវិកា ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់ ការងារ ចាំបាច់ ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ដែល​នៅក្រៅ គម្រោង សាងសង់ ខ្សែ​ផ្លូវ ទាំង ៣៨​នេះ​។

​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ
​នឹងធ្វើ​ឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន សក្តា នុព​ល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល អភិ វ​ឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្របតាម​រូបសាស្ត្រ​ទីក្រុង រួមជាមួយ​ការគិតគូរ ដល់​ការពារ និង​កែលម្អ​បរិស្ថាន ផាសុខភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ អភិវឌ្ឍ ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។ ក្រោយពី​បញ្ចប់​ការសាងសង់​ទៅ គម្រោង​នេះ​នឹង​ដើរតួ ជា ហេ​ដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ ក្រឡា គ្នា ត​ភ្ជាប់ ទីប្រជុំជន ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង បណ្តាញ ខ្សែ​ផ្លូវជាតិ​នានា សំដៅ​កាត់ បន្ថយ ការ កកស្ទះ ចរាចរណ៍ ក្នុង​ទីក្រុង ជំរុញ កំណើន ដឹកជញ្ជូន ទាក់ទាញ វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ ជាតិ -​អន្តរជាតិ ដែល ជា ការរួមចំណែក ក្នុងការ ជំរុញ កំណើន សេដ្ឋកិច្ចជាតិ​ឱ្យ កាន់តែ​រីកចម្រើន នៅក្រោយ វិបត្តិ នៃ ជំងឺ​កូ​វីដ​-១៩​។

​សម្តេច​តេ​ជោ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មុខ​សម្ពោធ​បើក​ការដ្ឋាន និង​កែលម្អ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅពេលនេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា តាម​គម្រោង​កម្មវិធី​បើ​ការដ្ឋាន​នេះ នឹងត្រូវ​មានការ​ចូល​រួម​មនុស្ស​ជាង​១​ពាន់​នាក់ តែដោយសារ​តែ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ យើង​ត្រូវ​កាត់បន្ថយ​មនុស្ស​ចូលរួម​មក​ត្រឹម​១០០​នាក់​តែប៉ុណ្ណោះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ផ្ដោត​សំខាន់​ទៅលើ​ប៉ូ​សេដ្ឋកិច្ច​សំខាន់​បី​របស់​ប្រទេស​កម្ពុជា គឺ​ក្រុង​សៀមរាប​អង្គរ ដែលជា​ដែនដី​ទេសចរណ៍​ដ៏​មាន​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​។ សម្តេច​តេ​ជោ​បន្តថា កម្ពុ​ជាមាន​ប៉ូល​សេដ្ឋកិច្ច​៣​សំខាន់ សម្រាប់​ជំរុញ​សេដ្ឋកិច្ចជាតិ ដែល​ទី​១ គឺ​ពោល​សេដ្ឋកិច្ច​ទីក្រុង​ភ្នំពេញ ទី​២​គឺ​ពោល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ និង​ទី​៣ គឺ​ពោល​សេដ្ឋកិច្ច នៃ​ខេត្តសៀមរាប​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​ដែល​នៅ​ឆ្នាំ​ក្រោយនេះ និង​បានឃើញ​ផ្លូវ​ស្អាត ជាពិសេស​ខេត្តសៀមរាប​នេះ​នឹងត្រូវ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឡើងវិញ​បន្ទាប់ពី​បញ្ហា​កូ​វីដ​ត្រូវ​បានបញ្ចប់​នោះ​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ការចម្លង​មក​ភរិយា​អគ្គនាយក​ពន្ធនាគារ​នេះ ថា​ជា “​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​” ។ សម្តេច​តេ​ជោ​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់​ត្រូវ​សាមគ្គីភាព​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​-១៩​ទាំងអស់គ្នា ហើយ​ពេលនេះ​គឺជា​ពេលដែល​មិនមែនជា​ពេលដែល​ត្រូវ​ចោត​ដាក់គ្នា​ទៅវិញទៅមក​នោះទេ គឺ​មានតែ​ការចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ទាំងអស់គ្នា​ទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជា​យើង​បាន​ឆ្លងកាត់​សមរភូមិ​៣​ក្នុងការ​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​-១៩​នេះ ដែល​សមរភូមិ​ទី​១ គឺ​ការទប់ស្កាត់​ការនាំ​ចូល​ជំងឺ​ពី​ក្រៅ សមរភូមិ​ទី​២ គឺ​ការបង្ការ​ការពារ​ការ​ចូល​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ការព្យាបាល​អ្នក​ដែល​កើត​អោយ​ជាសះស្បើយ ដូច្នេះ​យើង​ត្រូវ​អនុវត្តតាម​សមរភូមិ​នេះ​ជា​បន្តបន្ទាប់​ទៀត​។

​ទាក់ទង​ទៅនឹង​ការចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​នេះ សម្តេច​តេ​ជោ​បាន​ដាក់ចេញ​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​÷

១)​ត្រូវមាន​វិធានការ​ការពារ​ខ្លួន​ជានិច្ច ដោយ​ត្រូវ​គិតថា ខ្លួនឯង​មាន​កូ​វីដ​-១៩ ប្រសើរ​ជាង​គិតថា​គ្មាន សុខចិត្ត​ធ្វើតេស្ត ឬ​ធ្វើ​ច​ត្ថា​ឡី​ស័ក​១៤​ថ្ងៃ ប្រសើរ​ជាង​មិនបាន​ធ្វើ​។

២)​ត្រូវ​រៀបចំ​មជ្ឈមណ្ឌល​ចា​ត្តា​ឡី​ស័ក​សំរាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ទៅរក​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ហើយ​ទីកន្លែង​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​គឺជា​ទីកន្លែង​ដែល​ផ្ដល់ឱកាស​ឲ្យ​ក្រុមគ្រូពេទ្យ​ទៅយក​សំណាក ដើម្បី​យក​សំណាក​នោះមក​ធ្វើតេស្ត​អោយបាន​ត្រឹមត្រូវ​។

៣)​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានសម្រេច​អោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា បិទ​ការសិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០១៩ -២០២០ ហើយ​ប្រលង​មធ្យមសិក្សា​បឋមភូមិ​តែម្ដង នៅថ្ងៃនេះ ហើយ​សម្រាប់​អ្នក​ដែល​បន្ត​គឺមាន​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ត្រៀមប្រឡង​ក្នុងអំឡុង​ខែធ្នូ​ខាងមុខ ហើយ​យើង​នឹង​ត្រៀម​បើក​បវេសនកាល​ឡើងវិញ នៅ​ខែមករា ឆ្នាំ​២០២១​។

៤) សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុងការ​មក​ធ្វើតេស្ត និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។ អាជ្ញាធរ​ត្រូវ​ជួយ​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​អោយបាន​ត្រឹមត្រូវ​។ បើ​បងប្អូន​មានការ​សង្ស័យ សូម​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ហើយ​ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ជាមួយនឹង​គ្រួសារ​១៤​ថ្ងៃ​សិន​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​គិតថា​ខ្លួន​បាន​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ សូម​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការចម្លង​ចូល​សហគមន៍​។

​ជាមួយគ្នា​នោះ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ យើង​ត្រូវ​តាំងខ្លួន​ជា​អ្នក​ចុះចាញ់ និង​ជា​អ្នកខ្លាច​កូ​វីដ តែ​មិនត្រូវ​ភ័យ​តក់ស្លុត​ទេ ដោយ​ភ្លេច​ការបង្ការ​ការពារ​នោះទេ គឺ​យើង​ត្រូវការពារ​ជាប់​ជានិច្ច ជាពិសេស​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏បាន​អញ្ជើញ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​នេះ​ចាប់ពីពេលនេះ​តទៅ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×