ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកស្នេហាវិស័យប្រដាល់ក្បាច់គុនបុរាណខ្មែរ បានទទួលជ្រាបហើយ ពីការប៉ះគ្នាដ៏កក្រើកកាលពី ៦ ឆ្នាំ មុន រវាងអ្នកប្រដាល់ល្បីឈ្មោះរហស្សនាមតោកំណាចខេត្តបាត់ដំបង កីឡាករ កែវ រំចង់ និងកូននាគឆ្លងដែនកំពូលអ្នកលេងកែង កីឡាករ វង្ស ណយ។ ហើយលទ្ធផលនៅពេលនោះគឺថា កែវ រំចង់ ត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមទឹកទី៣ ដោយសាររូបគេត្រូវរងផ្លែកែង និងកណ្តាប់ដៃធ្ងន់ៗពី វង្ស ណយ ឡើងសន្លប់ត្រដាបត្រដួសពេញសង្វៀនតែម្តង។
ដោយឡែក កាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ អ្នកទាំងពីរបានជួបគ្នាសារជាថ្មី ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ ខណៈអ្នកទាំងពីរសឹងតែបាត់រាងរៅអស់ទៅហើយ ព្រោះតែគីឡូឡើងខ្លាំងដុះក្បាលពោះដូចៗគ្នា។ តែយ៉ាងណា សម្រាប់លទ្ធផលប្រកួតមិត្តភាពចុងក្រោយនេះ នៅលើសង្វៀនបាយ័ន គឺ កែង រំចង់ បានធ្វើឲ្យ វង្ស ណយ បោះបង់ការប្រកួតក្នុងទឹកទី៤ ដោយសារតែ វង្ស ណយ ហាក់ចាញ់ហត់ខ្លាំងពេក បើទោះវាយឲ្យ រំចង់ មានស្លាកស្នាមរបួសក៏ដោយ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងអំឡុងនៃការប្រកួត គេក៏បានឃើញប្រពន្ធរបស់ កែវ រំចង់ បានបញ្ចេញកាយវិការឡើងឆ្លេឆ្លានៅខាងក្រោម ដែលមើលទៅហាក់បារម្ភពីប្តីជាខ្លាំង និងថែមទាំងប្រាប់ឲ្យប្តីវាយត្រង់ចំណុចខ្សោយរបស់ វង្ស ណយ ផងដែរ។
ក្រោយពីបានឃើញវីដេអូប្រពន្ធ យកចិត្តទុកដាក់ចំពោះខ្លួនយ៉ាងខ្លាំងបែបនេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែ កែវ រំចង់ បានស៊ែរដោយភ្ជាប់សារសរសើរដល់ទឹកចិត្តប្រពន្ធថា៖ «នេះហើយ ទឹកចិត្តប្រពន្ធ ស្រលាញ់ ហើយហ៊ានលះបង់ ចំពោះប្តី . អរគុណខ្លាំងណាស់ប្រពន្ធ សំណព្វចិត្ត»៕ ដោយ៖ លឹម ហុង