ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានឱ្យដឹងថា មូលនិធិ AEON 1% Club Foundation បានផ្តល់ថវិកាជាង ៣៣,៦៦ លានយ៉េន ជូនដល់តំណាងគណៈកម្មាធិការ UNICEF ជប៉ុន ដើម្បីយកទៅជួយលើវិស័យទឹកស្អាតនៅកម្ពុជា និងមីយ៉ាន់ម៉ា។
ចំនួនថវិកាទាំងនេះ នឹងត្រូវបែងចែកជាពីរស្មើគ្នា ៥០-៥០ សម្រាប់ប្រទសទាំងពីរ ខណៈក្រុមហ៊ុន AEON បានបោះទុនវិនិយោគផ្សារទំនើប នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដែលមាន៣ទីតាំងផ្សារទំនើប រួមមានផ្សារទំនើប AEON Mall Phnom Penh ផ្សារទំនើប AEON MALL Sen Sok និងផ្សារទំនើប AEON MALL Meanchey មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណប ING CITY ។
បន្ទាប់ពីទទួលបានជោគជ័យនៅកម្ពុជា ក្រុមហ៊ុន Aeon Mall គ្រោងនឹងបើកការដ្ឋានសាងសង់ផ្សារទំនើប Aeon ដំបូងបង្អស់ នៅទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅដើមឆ្នាំ២០២១ នេះ ក្រោមទុនវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក។
ផ្សារទំនើបមួយនេះ ស្ថិតក្រោមការវិនិយោគនៃក្រុមហ៊ុនពីរួមគ្នាគឺ ក្រុមហ៊ុន Aeon Mall និងក្រុមហ៊ុន Shwe Taung ដោយនឹងសាងសង់ស្ថិតលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ខាងមុខនេះ៕
ដោយ៖CEN