យោងតាមកាសែត Harian Metro បានចុះផ្សាយឲ្យដឹងថា មន្ត្រីម្នាក់បាននិងកំពុងស្ថិតក្រោមការស៊ើបអង្កេត ពីប៉ូលិសម៉ាឡេស៊ី (PDRM) បន្ទាប់ពីមន្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដ៏ឃោរឃៅ ប្រឆាំងទៅនឹងកម្មកររោងចក្រភូមាម្នាក់នៅ Senawang ខេត្ត Seremban។
ខ្សែវីដេអូនៃហេតុការណ៍ដ៏សាហាវនេះ ដែលត្រូវបានគេប្រទះឃើញពាសពេញបណ្តាញសង្គម បានបង្ហាញឲ្យឃើញមន្ត្រីរូបនោះ បានទាត់ធាក់ទៅបុរសម្នាក់ដែលគេជឿថាជាកម្មករមកពីប្រទេសមីយ៉ាន់ម៉ា ដែលកំពុងអង្គុយតម្រង់ជួរនៅក្បែរផ្លូវ ជាមួយមិត្តរួមការងាររបស់គាត់ ខណៈពេលកំពុងរង់ចាំឡានក្រុង យកពួកគេទៅមណ្ឌលដាច់ដោយឡែក។
លោក Mohd Said Ibrahim ស្នងការរងនគរបាលស្រុក Seremban បានចែករំលែកថា លោកត្រូវបានគេជូនដំណឹងអំពីករណីនេះ ហើយបច្ចុប្បន្នលោកកំពុងពិនិត្យមើលរឿងនេះហើយ។
លោកក៏បានបញ្ជាក់ឲ្យដឹងថា “ប្រសិនបើវាជាការពិត នោះការស៊ើបអង្កេតសមស្របនឹងត្រូវធ្វើឡើង។ គ្មានមន្ត្រីនរណាម្នាក់ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើល្មើសច្បាប់នោះឡើយ”។
ទោះយ៉ាងណា អ្នកខ្លះបានការពារសកម្មភាពរបស់ប៉ូលិស ខណៈដែលពួកគេបានអះអាងថា ពលករបរទេសមួយចំនួនអាចមានឥរិយាបទរឹងរូស។ តែក្នុងករណីណា ក៏មានអ្នកខ្លះប្រឆាំងនឹងការលើកឡើងនេះ ដោយនិយាយថាការដុសខាត់ដោយអំពើហិង្សាបែបនេះ មិនគួរត្រូវបានប្រើប្រាស់ឡើយ៕ ដោយ៖ លឹម ហុង