ដូចដែលប្រិយមិត្តមួយចំនួនធំបានទទួលជ្រាប និងអ្នកខ្លះក៏មិនទាន់ផុតរលត់កំហឹងស្អប់ខ្ពើមនៅឡើយនោះដែរ ចំពោះរឿងរ៉ាវដ៏គួរឲ្យអាណិតខ្លោចចិត្ត របស់ស្ត្រីម្នាក់ដែលត្រូវប្តីមានស្រីថ្មី វាយធ្វើបាប និងសូម្បីជះទឹកលុយឲ្យតុលាការចោទថាជាចោរលួចទៀត ខណៈគាត់ចូលទៅយករបស់ទ្រព្យនៅក្នុងផ្ទះរួមគ្នា ដោយមានប៉ូលិសដឹងឮ ដើម្បីយកមកប្រើប្រាស់ចិញ្ចឹមកូនស្រី២នាក់ក្នុងបន្ទុក ក្រោយប្តីបណ្តេញចេញពីផ្ទះ ហើយយកស្រីថ្មីមកដេកសោយសុខ។
គួរបញ្ជាក់ថា កាលវេលា ម៉ោង ១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ស្ដ្រីម្នាក់មានឈ្មោះ ស៊ូ សុវណ្ណ បាននាំកូនស្រីស្កាត់មកតាំងភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីជួបលោក ផែង វណ្ណៈ ឲ្យជួយក្រែងមានសង្ឃឹមខ្លះ ព្រោះគាត់បានជួបរឿងដ៏សែនឈឺចាប់ខ្លាំង ទាំងផ្លូវកាយ ផ្លូវចិត្ត និងរងភាពដ៏អយុត្តិធម៌ រហូមានពេលខ្លះ គាត់ចង់សម្លាប់ខ្លួនម្ដងៗ។
អ្នកស្រី ស៊ូ សុវណ្ណ បានរៀបរាប់ដំណើរតាមរយៈលោក ផែង វណ្ណៈ ឲ្យដឹងថា គាត់បានរៀបការជាមួយបុរសម្នាក់មានឈ្មោះ លី ប៊ុន ឈឿន នៅក្នុងឆ្នាំ២០០៧ និងទទួលបានចំណងដៃកូនស្រីចំនួន២ នាក់ ដោយកូនបងអាយុ ១២ ឆ្នាំ រីឯកូនប្អូន អាយុ ៥ ឆ្នាំ ។ ប៉ុន្តែ មិនបានប៉ុន្មានប្ដីរបស់គាត់ ក៏បែកគំនិតមានស្រីក្រៅ ហើយតែងរករឿងវាយធ្វើបាបយ៉ាងសាហាវ ក្នុងនោះសូម្បីក្របាច់ក រហូតគាត់ទ្រាំលែងបាន ក៏បានដាក់ពាក្យសុំលែងលះ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ។ នៅឆ្នាំ២០១៩ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឲ្យគាត់ និងស្វាមីលែងលះគ្នា ហើយបានប្រគល់កូនទាំងពីរឲ្យមកគាត់ជាប្រពន្ធជាអ្នកមើលថែ និងបានសម្រេចបែងចែកទ្រព្យសម្បត្តិ ជា ពីរចំណែកស្មើគ្នា ប៉ុន្តែខាងប្ដីមិនព្រម ក៏ប្ដឹងបន្តទៅឧទ្ធរណ៍ ។
អ្នកស្រី ស៊ូ សុវណ្ណ ក៏បន្តថាថា ៖ ពេលប្ដីមានស្រីរូបគេ បានបណ្ដេញគាត់ដែលជាប្រពន្ធដើមចេញពីផ្ទះ ហើយនាំស្រីមកនៅលើផ្ទះតែម្ដង ។ ដោយគ្មានសម្ភារប្រើប្រាស់នៅថ្ងៃមួយ គាត់ក៏បានទូរស័ព្ទទៅប្ដី ដើម្បីសុំយកអីវ៉ាន់ប្រើប្រាស់ខ្លះ ស្រាប់តែប្តីបានគំរាមប្ដឹងចាប់ដាក់គុកទៀត បើហ៊ានមកយក ។ ពេលនោះ ក្នុងនាមគាត់ក៏ជាម្ចាស់ផ្ទះ ម្ចាស់ទ្រព្យ អ្នកស្រី ស៊ូ សុវណ្ណ ក៏បានមកយកអីវ៉ាន់មួយចំនួន ដោយបានហៅមេភូមិ មេ ប៉ុស្តិ៍ មកធ្វើ សាក្សីផងដែរ ។ ប៉ុន្ដែ បន្ទាប់ក៏ត្រូវប្ដីប្ដឹងថា លួច ហើយតុលាការខេត្តកំពង់ស្ពឺ ក៏បានធ្វើការចោទប្រកាន់ចំពោះរឿងនេះដ៏អយុត្តិធម៌បំផុត។
តែយ៉ាងណា ក្រោយរឿងនេះផ្ទុះឡើងបង្ករលឹកកំហឹងក្នុងចំណោមមហាជន ហើយក៏ដូចទទួលបានព័ត៌មាននេះភ្លាម ឯកឧត្ដម គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ក៏បានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីការពារក្ដីតាមផ្លូវច្បាប់ជូនអ្នកស្រី ស៊ូ សុវណ្ណ ។
នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានប្រាប់ឲ្យដឹងថា៖ «ដំណឹងល្អពីឯកឧត្តម គី តិច នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានប្រាប់ខ្ញុំតាមទូរស័ព្ទថា ឯកឧត្តមនឹងចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីការពារក្ដីតាមផ្លូវច្បាប់ជូនប្អូនស្រី ស៊ូ សុវណ្ណ ដែលកំពុងជាប់បណ្ដឹងព្រហ្មទណ្ឌរបស់ប្ដី នៅសាលាដំបូងខេត្តកំពង់ស្ពឺ ។
ខ្ញុំបាទសូមគោរពអរគុណឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលតែងតែចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ការពារស្ត្រីទន់ខ្សោយ ទទួលបានយុត្តិធម៌មកវិញជាបន្ដបន្ទាប់ ។ សូមគោរពជូនពរឯកឧត្តម និងសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច»៕ ដោយ៖ លឹម ហុង