មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញសត្វកេងកងដែលជាសត្វកម្រ បាននាំគ្នាទាំងហ្វូង ហើរមកចុះចតនៅលើដំបូលអគារ និងក៏ដូចក្នុងទីធ្លា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះ មើលទៅពួកវា ពិតជាសប្បាយរីករាយ និងគួរឲ្យស្រឡាញ់ណាស់។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Rithy Sak បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹក ស្តីពីទិដ្ឋភាពសត្វកេងកងទាំងនោះ ដោយភ្ជាប់សារសរសេររៀបរាប់ថា៖ «ថ្ងៃទី1_12_2020 ពិតជាសំណាង បានមើលសត្វកេងកង ហោះជាហ្វូង CJCC ។ សូមឲ្យសុខសប្បាយទាំងអស់គ្នា មិនបាច់ទៅមើលនៅភ្នំតាម៉ៅទេ មើលតែនៅ នឹងបានហើយ»។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវក្តីរំភើបត្រេកអរជាខ្លាំង ហើយក្នុងនោះអ្នកខ្លះក៏បាននិយាយថា៖ «សែនរីករាយ គួរដាក់ចំណី ឬ គ្រាប់ ធញ្ញជាតិ ឱ្យវាស៊ី ឱ្យវាស៊ាំនឹងអាចរស់នៅតំបន់ RUPP នោះដែលមានដើមឈើច្រើន និងបរិវេណធំទូលាយ។ តែក៏បារម្ភមនុស្សចង្រៃប្រមាញ់សត្វទាំងនេះដែរ!»។ តែយ៉ាងណា អ្នកខ្លះទៀតបានប្រាប់ថា សត្វកេងកងទាំងទាំងនេះ គឺមានម្ចាស់ជាអ្នកមានអំណាចម្នាក់គ្រប់គ្រង សូមកុំប៉ះឲ្យសោះ ប្រយ័ត្ន… ព្រោះនៅជើងវាមាន GPS។
តែយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានេះផងដែរ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Jeath Tra បានចូលខមិនចែករំលែកឲ្យដឹងអំពីសេចក្តីស្មោះស្ម័គ្ររបស់សត្វកេងកងចំពោះជីវិតគូរបស់ពួកវាយ៉ាងលម្ងិតថា៖ «កេងកងញីគ្រងកូនឱបប្តីកេងកង គឺជាប្រភេទសត្វដែលស្មោះស្ម័គ្រជាមួយគូរវាណាស់ នៅរដូវបន្តពូជ សត្វឈ្មោលតែងតែហើរស្វែងរកប្រហោងឈើ រួចនាំសត្វញីទៅមើលកាលណា សត្វញីពេញចិត្តហើយក៏នាំគ្នាកាច់សុំបុក្រនៅទីនោះ ដោយចុះរុន្ធឈើបិទប្រហោងទុកតែមួយចន្លោះតូចដើម្បី ផ្តល់ចំណី នឹង កាពារមិនអោយសត្វដទៃចូលបាន សំបុក្រនោះត្រូវបិទរហូតដល់កូនវាញាស់ ហើយអាចហើរបានក្នុងរយៈពេល ១២០ ថ្ងៃ ដោយកំឡុងពេលនោះ កេងកងឈ្មោលនៅចាំសំបុក្រដើម្បីកាពារកូន ចំណែកសត្វញី ត្រូវហើរចេញពីសំបុក្រដើម្បីទៅរកចំណី ដើម្បីបញ្ចុកកូន និង សត្វឈ្មោលនៅសល់ប៉ុន្មាន ទើបសុីខ្លួនឯង។
សត្វនេះស្មោះស្ម័គ្រជាមួយ គូរស្នេហ៍វាណាស់ បើស្លាប់សត្វញី សត្វឈ្មោលត្រូវតែស្លាប់តាម ហើយបើសត្វញី ស្លាប់ ក៏សត្វឈ្មោល ត្រូវតែស្លាប់តាម ដោយតាមរូបភាព បង្អត់ចំណី ឬ ហោះទៅលើ ទំលាក់ខ្លួនមកដើម្បីស្លាប់តាមគ្នា សត្វកេងកងក៏ត្រូវបានអ្នកនិពន្ធសម័យមុន លើកមកសរសេរតែងក្នុងចម្រៀង ដោយម្ចាស់ កវី ម៉ា ឡៅពី ដែលមានចំណងជើងថា “កេងកងអភ័ព្វ” ច្រៀង ដោយ រាជនី សម្លេងមាស ខ្មែរ អ្នកស្រីរស់ សេរីសុទ្ធា នឹង និពន្ធបទភ្លេង ដោយ អធិរាជ សម្លេង មាស លោក ស៊ីន ស៊ីសាមុត សូមចូលរួម ថែរក្សាកាពារសត្វនេះ ផង»៕ ដោយ៖ លឹម ហុង