Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​រុស្សី​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ ក្នុង​បរិបទ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក អាណា​តូ​លី បូ​រ៉ូ​វី​ក (Anatoly Borovik) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​កិច្ចពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​វិនិយោគ​ទ្វេភាគី និង​ការពិនិត្យ​លទ្ធភាព​ក្នុងការ​សិក្សា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​រុស្សី នាពេល​អនាគត​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​ឯកអគ្គរដ្ឋទូត​សម្តែង​ការកោតសរសើរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដាក់​វិធានការ​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​មកទល់ពេលនេះ​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​នៅ​កម្ពុជា​បាន​បាត់​បង់ជីវិត​ដោយសារ​មេរោគ​នេះឡើយ​។

​ទោះជា​យ៉ាងណា លោក​រដ្ឋលេខាធិការ និង​លោក​ឯកអគ្គរដ្ឋទូត បាន​សង្កត់ធ្ងន់ថា មេរោគ​នេះ​បាន​នឹង​កំពុង​បង្ករ​ការរាំងស្ទះ​ដល់​ការប្រើប្រាស់ ការបញ្ជាទិញ និង​ការដឹកជញ្ជូន​ទំនិញ​ទូទាំង​សកលលោក និង​បាន​ចូលរួមចំណែក​យ៉ាង​ធំ​ក្នុង​ការធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​រុស្សី​ធ្លាក់ចុះ​ប្រមាណ ១៨% នៅ​១០​ខែ​ដើមឆ្នាំ​២០២០​នេះ​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​ឆ្លៀត​យក​ឱកាស​នេះ​លើកឡើង​ពី​ការ​ម្រេច​បាន​នូវ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ និង​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណៈរដ្ឋ​កូរ៉េ (CKFTA) ដែល​បានបញ្ចប់​ជុំ​ទី​៤ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។

​មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ថែម​លើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​+១ (​ជាមួយ​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​ណូ​វែ​ល​សេ​ឡង់ និង​ហុងកុង​) បាន​នឹង​កំពុងផ្តល់​ទីផ្សារ​ដ៏​យ៉ាង​ធំ​ទូលាយ​ដល់​កម្ពុជា​។
​ក្នុង​បរិការណ៍​នេះ កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែមទៀត​ពី​សហព័ន្ធ​រុស្សី ពិសេស​ផ្នែក​ម៉ាស៊ីន​ធុន​ស្រាល​និង​មធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា សម្រាប់​បង្កើន​ការប្រកួតប្រជែង​ក្នុងការ​នាំចេញ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​បង្ហាញ​បំណង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​រុស្សី ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។

​ជា​ចុងក្រោយ លោក​រដ្ឋលេខាធិការ​បា​ន​ស្នើ​ភាគី​រុស្សី​អញ្ជើញ​ធុរជន និង​វិនិយោគិន​កម្ពុជា​ចូលរួម​កម្មវិធី​នានា​របស់​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​រុស្សី​នាពេលខាងមុខ ដើម្បី​ទទួលបាន​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធ​រុស្សី និង​ស្នើ​ភាគី​រុស្សី​ជួយផ្តល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ជូន​កម្ពុជា ប្រសិនបើ​ភាគី​រុស្សី​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការផលិត​វ៉ាក់សាំង​នេះ​នាពេលខាងមុខ​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​ទទួលយក​សំណើ​ទាំងនេះ​ដើម្បី​ជម្រាបជូន​រដ្ឋាភិបាល​រុស្សី និង​សន្យាថា​នឹង​ផ្តល់ព័ត៌មាន​មក​ភាគី​កម្ពុជា​វិញ​នាពេល​ឆាប់ៗ​ខាងមុខ​។ កិច្ចប្រជុំ​នេះ​បានបញ្ចប់​ដោយ​ភាពស្និទ្ធស្នាល និង​ប្រកបដោយ​ផ្លែផ្កា ហើយ​ភាគី​ទាំងពីរ​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ​៕ដោយ៖CEN

spot_img
×