Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វា​រី​អគ្គិសនី​ចំនួន​ ៧​កន្លែង នៅក្នុង​ប្រទេស​កម្ពុជា ផ្តល់​ថាមពល​អគ្គិសនី​សរុប​ជាង ១​ពាន់​មេ​ហ្កា​វ៉ា​ត់​

​ភ្នំពេញ​៖ បច្ចុប្បន្ន កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន​៧​កន្លែង ដែល​កំពុងដំណើរការ និង​បានផ្តល់​អនុភាព​ផលិត​ថាមពល​អគ្គិសនី​សរុប ១,៣២៨.១ មេ​ហ្កា​វ៉ា​ត់​។​

​ទីតាំង​វា​រី​អគ្គិសនី​ទាំងនោះ រួមមាន ៖ វា​រី​អគ្គិសនី​អា​តៃ ឫស្សី​ជ្រុំ កំចាយ គីរីរម្យ​១ គីរីរម្យ​៣ វា​រី​អគ្គិសនី​តា​តៃ និង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២។

​វា​រី​អគ្គិសនី​គីរីរម្យ​១ ជា​គម្រោង​វា​រី​អគ្គិសនី​ទី​១ របស់​ប្រទេស​កម្ពុជា ដែល​បាន​ស្តារឡើងវិញ​នៅ​ឆ្នាំ​២០០២ មាន​អានុភាព​ផលិត​អគ្គិសនី​បាន​១២​មេ​ហ្កា​វ៉ា​ត់​។ វា​រី​អគ្គិសនី​នេះ មាន​ទីតាំង​គម្រោង​ស្ថិតនៅ​ស្ទឹងច្រាល មាន​ទំនប់​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ និង​ស្ថានីយ​វា​រី​អគ្គិសនី ស្ថិត​ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ គម្រោង​វា​រី​អគ្គិសនី​ដំបូង​គេ​របស់​កម្ពុជា​នេះ មាន​ទុនវិនិយោគ ២៦​លាន​ដុល្លារ​។​

​ទី​២ វា​រី​អគ្គិសនី​កំចាយ ខេត្តកំពត ជា​គម្រោង​វា​រី​អគ្គិសនី​ទី​២ មាន​អានុភាព​ផលិត​អគ្គិសនី ១៩៤.១ មេ​ហ្កា​វ៉ា​ត់ និង​ជា​គម្រោង​វា​រី​អគ្គិសនី​ទី​២​របស់​កម្ពុជា ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​៣ វា​រី​អគ្គិសនី​គីរីរម្យ​៣ ជា​គម្រោង​ទី​៣ មាន​អានុភាព​ផលិត​អគ្គិសនី​១៨​មេ​ហ្កា​វ៉ា​ត់ និង​ជា​គម្រោង​វា​រី​អគ្គិសនី​ទី​៣​របស់​កម្ពុជា ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៣ មាន​ទីតាំង​ស្ថិតនៅតាម​ដងស្ទឹង​ព​ង្រួ​ល ដែលជា​ដៃ​មួយ​របស់​ព្រែក​កំពង់សោម ក្នុង​ឃុំ​ដងព្រែក ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ជា​វា​រី​អគ្គិសនី​ទី​៤​របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី​១២០​មេ​ហ្កា​វ៉ា​ត់ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៤ ។ វា​រី​អគ្គិសនី​នេះ មាន​ទីតាំង​ក្នុង​តំបន់ត្រីកោណ ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ (​ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​)​។​

​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ ជា​វា​រី​អគ្គិសនី​ទី​៥ របស់​កម្ពុជា មាន​អានុភាព​ផលិត​អគ្គិសនី​៣៣៨​មេ​ហ្កា​វ៉ា​ត់ និង​បាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៥ ។ វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មាន​ទីតាំង​គម្រោង នៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។

​វា​រី​អគ្គិសនី​តា​តៃ ជា​វា​រី​អគ្គិសនី​ទី​៦ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ និង​ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង មាន​កម្លាំង​ថាមពល​២៤៦​មេ​ហ្កា​វ៉ា​ត់ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​ផ្តើម​សាងសង់​កាលពីដើមឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន ចំណាយ​ថវិកា​ប្រមាណ ៥៤០​លាន​ដុល្លារ​។​

​និង​ទី​៧ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែល​ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង ផ្តល់​ថាមពល​អនុភាព ៤០០​មេ​ហ្គា​វ៉ា​ត់ ជាការ​វិនិយោគ​រួមគ្នា​រវាង​រវាង​ក្រុមហ៊ុន​ចំនួន​បី​។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ ប្រើ​ទុនវិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា តម្រូវការ​ថាមពល​អ​គ្គិ​ស​នី​បន្ត​កើន​ឡើងជា​លំដាប់ ដោយ​ឆ្នាំ​២០១៩ កើន​ដល់ ៣,៣៨២​មេ​ហ្គា​វ៉ា​ត់ ដែល​ធ្វើ​ឱ្យនៅ​ឆ្នាំ​២០២០ កម្ពុជា​ទាំងមូល​នៅ​ត្រូវការ​ថាមពល​អគ្គិសនី​បន្ថែម ពិសេស​នៅ​ភ្នំពេញ​ខេត្ត​ព្រះសីហនុ និង​សៀមរាប​។ ក្នុងនោះ ប្រភព​ថាមពល​វា​រី​អគ្គិសនី​ទាំង​៧ ចំនួន​១,៣២៨.១ មេ​ហ្កា​វ៉ា​ត់ ប្រភព​ថាមពល​ពី​ស្ថានីយ​ដុត​ធ្យូងថ្ម​ចំនួន​៣ អនុភាព​សរុប​ចំនួន ៦៧៥ ថាមពល​ពី​រោងចក្រ​ដុត​ប្រេង​ខ្មៅ និង​ម៉ា​ស៊ូ​ត ដែលមាន​អនុភាព​៦២៧ មេ​ហ្កា​វ៉ាត ថាមពល​កកើតឡើង​វិញ​មាន​សូ​ឡា​(​ពន្លឺព្រះអាទិត្យ​) ចំនួន ១២៣ មេ​ហ្កា​វ៉ាត និង​ថាមពល​នាំចូល​ពី​ប្រទេសជិតខាង មាន​ថៃ វៀតណាម និង​ឡាវ ចំនួន​សរុប ៦២៦ មេ​ហ្កា​វ៉ាត​៕ ដោយ ៖ CEN

×