ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា មានអង្គការសង្គមស៊ីវិលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ នៅតែទាមទាឱ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស ១០ឆ្នូ ដែលមិនខ្វល់ខ្វាយពីការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងចូលក្នុងសហគមន៍ ព្រមទាំងជួយសម្រួលដល់ការលំបាកចំពោះប្រជាជនក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ។
លោកជិន ម៉ាលីន បានថ្លែង តាមរយៈ ផេកហ្វេសប៊ុកផ្លូវការថា សូមបងប្អូនអ្នកសារព័ត៌មានជួយផ្តាំសួរឱ្យផង ៤សំណួរ សម្រាប់សង្គមស៊ីវិលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលនៅតែទាមទារឱ្យឈប់សម្រាក និងជួបជុំប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ៖
១. តើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានឹងធ្លាក់ចុះ ដើរថយក្រោយ ឬយ៉ាងណា ប្រសិនបើមិនបានឈប់សម្រាក និងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ មួយថ្ងៃនេះ?
២. តើមានប្រទេសប្រជាធិបតេយ្យប៉ុន្មាន លើពិភពលោក និងជាពិសេស ក្នុងតំបន់អាស៊ានយើងនេះ ដែលគេឈប់សម្រាក និងជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ក្នុងមួយថ្ងៃនេះ?
៣. ប្រសិនបើការជួបជុំរបស់សង្គមស៊ីវិល ដែលបំពានវិធានការសុវត្ថិភាព របស់រដ្ឋាភិបាលនេះ បង្កហានិភ័យ ដល់សង្គម ពាក់ព័ន្ធការរីករាលដាលនៃការឆ្លង COVID-19 ចូលក្នុងសហគមន៍ តើអ្នកណាជាអ្នកទទួលខុសត្រូវ?
៤. ក្នុងកាលៈទេសៈដ៏លំបាក ដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ តើសង្គមស៊ីវិលទាំងនេះ អាចរួមគ្នាធ្វើសកម្មភាព ជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 នេះចូលដល់សហគមន៍ បានដែរឬទេ ជំនួសឱ្យការជួបជុំគ្នាដែលអាចបង្កជាហានិភ័យដល់សង្គម ដើម្បីធានាបាននូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត?
លោកអ្នកនាំពាក្យបានលើកឡើងពីគំនិតសម្រាប់ពិចារណា៖
១. “សកម្មភាពដែលបម្រើឱ្យប្រយោជន៍សង្គម និងមនុស្សជាតិ គឺជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្ស តែផ្ទុយទៅវិញសកម្មភាព ដែលបង្កហានិភ័យ ដល់សង្គមនិងមនុស្សជាតិ មិនមែនជាសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនោះទេ តែអាចជាអំពើល្មើសច្បាប់”។
២. “ផ្អែកលើបរិបទសង្គម និងប្រវត្តិសាស្ត្ររបស់កម្ពុជា ប្រជាជាតិកម្ពុជា មិនត្រូវការប្រជាធិបតេយ្យបែបអាត្មានិយម ដូចនៅលោកខាងលិចនោះទេ Individualist Democracy ដែលយកប្រយោជន៍ និងសិទ្ធិបុគ្គលជាធំ គឺកម្ពុជាត្រូវការប្រជាធិបតេយ្យ សមូហភាព និយមបែបអាស៊ី Collective Democracy ដែលយកប្រយោជន៍សមូហភាព និងប្រយោជន៍ជាតិរួមជាធំ”៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ