ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។
បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។
នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២%ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត១៧% ដែលគិតជាបរិមាណសរុប មានចំនួន ៦០១ ០៤៥ តោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន៤៣លានដុល្លារសហរដ្ឋអាមេរិក ឬ ជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០១៩ ដែលបាននាំចេញ គិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។
ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញ អង្ករក្រអូប ចំនួន ៤៨១២០០តោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%៕
រក្សាសិទ្ធិដោយ៖CEN