កំពង់ស្ពឺ៖ រោងចក្រផលិតដែកថែបថ្មីមួយនៅកម្ពុជា ដែលមានឈ្មោះថា Hong De Sheng Steel (Cambodia) Co.,ltd ជាការវិនិយោគរបស់ក្រុមហ៊ុនចិន មានទីតាំងនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានសមត្ថភាពផលិតរហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ ស្មើនឹងជាង ៦៩ភាគរយ នៃការនាំចូលដែកថែបសរុបរបស់កម្ពុជាក្នុងឆ្នាំ២០១៩។
រោងចក្រ Hong De Sheng Steel មានទុនចុះបញ្ជីវិនិយោគ ១៦,៧លានដុល្លារ ហើយអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង។ រោងចក្រនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥១ ដែលជាតំបន់ឧស្សាហកម្ម និងវិនិយោគធ្លីដ៏មានសក្តានុពលក្នុងខេត្តកំពង់ស្ពឺ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនដែកថែបថ្មីនេះ ដែលមានសមត្ថភាពផលិតបាន ៧០ ភាគរយនៃបរិមាណដែកនាំចូលប្រចាំឆ្នាំ នឹងបើកដំណើរការចាប់ពីខែធ្នូនេះទៅ ដើម្បីផ្គត់ផ្គង់ដែកនៅទីផ្សារក្នុងស្រុក ស្របពេលវិស័យសំណង់បន្តកើនឡើង។ យ៉ាងក៏ដោយក្រុមហ៊ុនបានគូសបញ្ជាក់ថា សមត្ថភាពនៃការផលិតក្នុងឆ្នាំដំបូង ក្រុមហ៊ុន អាចផលិតបានចំនួន ១៥ម៉ឺនតោន និង២០ម៉ឺនតោន នៅឆ្នាំបន្ទាប់ ហើយសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន នឹងបន្តកើនឡើងរហូតដល់ចំនួន ដែលបានកំណត់នេះ។
បើតាមប្រសាសន៍របស់លោក Lin Xiangrong ដែលជាប្រធានក្រុមហ៊ុន ហុង ឌី សេង (ខេមបូឌា) បានបញ្ជាក់ថា កម្ពុជាមានរោងចក្រផលិតដែក ៦រោងចក្រ កំពុងដំណើរការ (បូកទាំងរោងចក្រថ្មីនេះ) ហើយអាចផ្គង់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក។
បើយោងតាមទិន្ន័យរពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលដែកថែប ចំនួនជាង ៧២ ម៉ឺនតោន កាលពីឆ្នាំ ២០១៩ កន្លងទៅ ដែលមានទឹកប្រាក់ជាង ៤៧៧លានដុល្លារ។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិន្ន័យថា ក្នុងឆ្នាំ២០១៩ ៤៧៩៣ គម្រោង ទទួលបានការអនុម័ត កើនឡើង៤៥,៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ទំហំទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០១៩ មានរហូតដល់ទៅ ៥,៨ពាន់លានដុល្លារ។ ចំនួនគម្រោងលំនៅដ្ឋាន ជាពិសេសបុរី និងខុនដូ មានចំណែក ៨៣ភាគរយ ដែលជាចំណែកធំជាងគេនៃចំនួនគម្រោងដែលបានអនុម័តសរុបនៅកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN