ខេត្តមណ្ឌលគិរី ៖ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារគ្រោះអគ្គីភ័យជាង ២០០គ្រួសារ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកជំទាវ ពុំ ចន្ទីនី បានថ្លែងថា គ្រួសាររងគ្រោះទាំងអស់ រួមទាំងគ្រួសារសព និងរបួស ដែលត្រូវបានរងគ្រោះ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះ និងតូបលក់ដូរក្នុងផ្សារ ក្រុងសែនមនោរម្យ កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បានចុះចែកដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៣លើកមកហើយ។ អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសាររងគ្រោះចំនួន ២១១គ្រួសារ នាថ្ងៃនេះរួមមាន អង្ករ ៣០គីឡូក្រាម មី ត្រីខ ឃីតមួយកញ្ចប់ថវិកាចំនួន១០ម៉ឺនរៀល តង់១។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តណ្ឌលគិរី បានថ្លែងមានកត្តាចំនួន ២ ដែលអាជ្ញាធរពិបាកក្នុងការជួយអន្តគមន៍ពេល ដែលអគ្គីភ័យ ឆាបឆេះផ្សារ ទី១ ដោយសាររថយន្តពន្លត់អគ្គីភ័យក្នុងខេត្តមានចំនួនតិច ទី២ ស្ថានភាពផ្លូវតូចចង្អៀតពិបាកក្នុង ការបាញ់ទឹកពន្លត់ភ្លើង ប៉ុន្តែទោះបីយ៉ាងណាអាជ្ញាបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ។
អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ប្រជាពលរដ្ឋទាំងអស់ជាជនរងគ្រោះថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន គឺលោក តែងតែយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដូចជា ចាស់ជរាគ្មានទីពឹង គ្រួសារ ទីទល់ក្រ ឬបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ឬអគ្គីភ័យ សម្តេចតែងតែនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូនដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយនោះទេ៕ ដោយ៖ សមុទ្រឈើ