បាត់ដំបង៖ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង បានសម្ដែងនូវការព្រួយបារម្ភ ចំពោះបញ្ហាតម្លៃស្រូវវស្សារបស់ពួកគាត់ ជាស្រូវប្រភេទលេខ១ កំពុងមានការធ្លាក់តម្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យពួកគាត់មិនអាចទទួលយកបាននិងស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ ពីភាគីពាក់ព័ន្ធ។
ប្រជាពលរដ្ឋរស់នៅភូមិអន្លង់តាម៉ុកឃុំរបោះមង្គល បានប្រាប់ឲ្យដឹងថាក្នុងឆ្នាំ២០២០នេះ កាលពីចុងរដូវវស្សា មានទឹកជំនន់ធំលិចលង់ស្ទើរនៅទូទាំងខេត្តបាត់ដំបង ប៉ុន្តែតំបន់ពួកគាត់ ពុំសូវទទួលរងធ្ងន់ធ្ងរនោះទេ ហើយដំណាំស្រូវក៏មិនសូវរងការរប៉ះពាល់នោះដែរ។បច្ចុប្បន្នស្រូវរបស់ពួកគាត់ បានចាប់ផ្ដើមប្រមូលផលបណ្ដើរៗហើយ ដែលមានដូចជាស្រូវផ្ការំដួល ស្រូវផ្កាម្លិះនិងស្រូវសែនក្រអូប។ល។តម្លៃកាលពីដើមដៃក្នុងមួយតោនលក់បានជាង ១លាន១០ម៉ឺនរៀល ហើយបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយអ្នកខ្លះលក់ក្នុងមួយតោនបានត្រឹមជាង៨០ម៉ឺនរៀលតែប៉ុណ្ណោះ ដែលតម្លៃប៉ុននេះ មិនអាចទទួលយកបាននោះទេ។
កសិករក្នុងឃុំរបោះមង្គល បានត្អូញត្អែរថាចំពោះតម្លៃម៉ាស៊ីនច្រូតស្រូវវិញ ឡើងថ្លៃលើសជាងពាក់កណ្ដាល ដែលពីមុនតម្លៃច្រូតក្នុងមួយហិកតាត្រឹម ២៥ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នឡើងដល់ ៦០ម៉ឺនរៀល។ពួកគាត់ បានស្នើសុំអាជ្ញាធរខេត្ត ជួយអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងជីកប្រឡាយក្នុងតំបន់ពួកគាត់ផង ដើម្បីអាចនាំទឹកពីស្ទឹងមោងធ្វើស្រែស្រូវបាន ២ដង ដូចតំបន់ផ្សេងៗ។
ប៉ុន្តែក្រុមឈ្មួញទិញស្រូវនៅតំបន់នោះ បានប្រាប់ថាសម្រាប់ស្រូវប្រភេទលេខ១នេះ មិនមែនមានតម្លៃត្រឹម៨០ម៉ឺនរៀលទាំងអស់នោះទេ បើស្រូវសុទ្ធល្អ មិនមានលាយច្រើននិងសម្បុរខ្មៅទេ ក្នុងមួយតោនអាចលក់បានយ៉ាងហោចណាស់ ជិត១លាន១០ម៉ឺនរៀល។ប៉ុន្តែស្រូវដែលមិនសុទ្ធល្អមានតម្លៃធ្លាក់តាមហ្នឹង ដោយខ្លះក្នុងមួយតោន លក់បានចាប់ពីជាង១លានរៀលឬតម្លៃជាង៩០ម៉ឺនរៀល ហើយចំពោះស្រូវដែលធ្លាក់ដល់តម្លៃជាង៨០ម៉ឺនរៀលនេះគឺស្រូវខូចគុណភាព លាយច្រើន ស្រូវលិចកប់ទឹកសម្បុរឡើងខ្មៅ ដែលមិនអាចកិនបរិភោគបាន បានតែធ្វើចំណីសត្វតែប៉ុណ្ណោះ៕ រក្សាសិទ្ធិ ដោយ ៖ អ៊ុងសារុំ