បាត់ដំបង៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាពផ្លូវគ្រួសក្រហមចំនួន ២ខ្សែ ដែលស្ថិតក្នុងសង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ក្រុង ខេត្តបាត់ដំបង ឆ្លើយតបពីកង្វល់របស់ប្រជាពលរដ្ឋ កាលពីល្ងាចថ្ងៃទី២ខែធ្នូឆ្នាំ២០២០ ខណៈដែលកម្ពុជាទទួលរងផលប៉ះពាល់ជាសកលពីវិបត្តិកូវីដ-19ក្តី តែការអភិវឌ្ឍន៍និងការកែរលម្អរហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់និងនៅតែបន្តធ្វើជាបន្តបន្ទាប់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថាផ្លូវ២ខ្សែ ដែលត្រូវចុះពិនិត្យមើលនោះ ដោយក្នុងនោះផ្លូវខ្សែទី១ស្ថិតនៅក្នុងសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ស្ថិតនៅខាងលិចផ្សារបឹងរាំង ដោយឆ្លងកាត់ភូមិបឹងរាំងនិងភូមិដាក់សសរ។ ផ្លូវនេះរដ្ឋបាលខេត្តបាត៎ដំបង គ្រោងផែនការក្នុងការកែលម្អទៅជាផ្លូវក្រាលកៅស៊ូDBST ដែលមានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ និងទទឹងផ្លូវ ៤ម៉ែត្រ ព្រមទាំងដាក់លូមុខកាត់ ០,៨០ម៉ែត្រ កាត់ផ្លូវចំនួន៦កន្លែងផងដែរ ។ ផ្លូវខ្សែទី២ ស្ថិតក្នុងភូមិខ្សាច់ពោយ និងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ប្រវែងប្រមាណ៨ គីឡូម៉ែត្រ និងទទឹងផ្លូវប្រវែង ៤ម៉ែត្រ។ បន្តចុះទៅពិនិត្យមើលខ្សែផ្លូវទី៣ ដែលជាផ្លូវក្រាលកៅស៊ូ(DBST)ផ្លូវលេខ ១៥១២ ចាប់ពីផ្លូវជាតិលេខ៥ ទល់ផ្លូវ Highway ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង មានប្រវែងប្រមាណ ៣គីឡូម៉ែត្រ ទទឹងផ្លូវ៦ម៉ែត្រ ដែលទើបតែស្ថាបនារួចរាល់។
លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថាការចុះពិនិត្យមើលផ្លូវចំនួន២ខ្សែខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង គ្រោងស្នើសុំថវិកាឥណទានបន្ថែមឆ្នាំ២០២០ ដើម្បីយកធ្វើការកែរលម្អរផ្លូវខាងលើឲ្យបានល្អប្រសើរឡើង ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងសង្កាត់អូម៉ាល់និងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ដោយឡែកកាលពីល្ងាចថ្ងៃទី០១ខែធ្នូ២០២០កន្លងទៅនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង រួមជាមួយ លោក សុខ ហឿន អភិបាលស្រុកសង្កែ និងមន្ត្រីជំនាញសាលាស្រុក ព្រមទាំងអាជ្ញាធរឃុំពាក់ព័ន្ធមួយចំនួន បានចុះទៅពិនិត្យពីមើលស្ថានភាពផ្លូវឆ្លងកាត់ឃុំចំនួន៣ ក្នុងនោះរួមមានឃុំអូដំបង១ ឃុំអូរដំបង២និងឃុំអន្លង់វិល ក្នុងនោះក៏មានភូមិអូរដំបង១ ភូមិអូរដំបង២ ភូមិស្វាយជ្រុំ ភូមិកំពង់បៃដោកនិងភូមិអន្លង់វិល ដែលគ្រោងកែរលម្អរផ្លូវគ្រួសក្រហម១ខ្សែ ឲ្យទៅជាផ្លូវក្រាលកៅស៊ូ DBST ដែលមានប្រវែងប្រមាណ ៧គីឡូម៉ែត្រនិងទទឹងផ្លូវ៤ម៉ែត្រ ផងដែរ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ