កញ្ញា អ៊ីវ៉ា គឺតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយដូង នៅក្នុងវិស័យសិល្បៈ និងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកយ៉ាងច្រើន ជាមួយនឹងទឹកដមសំឡេងដ៏ផ្អែមស្រទន់ ពិរោះរណ្តំដួងចិត្តដល់អ្នកស្តាប់គ្រប់គ្នា។
ស្រីស្អាត អ៊ីវ៉ា បើទោះជាចូលប្រឡូកមានបទពិសោធន៍នៅក្នុងវិថីសិល្បៈច្រើនឆ្នាំក្តី ប៉ុន្តែប្រជាប្រិយមិត្តរបស់នាងហាក់មិនចុះស្រុតនោះទេ ដោយបទចម្រៀងជាច្រើនរបស់នាង គឺនៅតែដក់ក្នុងបេះដូងមជ្ឈដ្ឋានមហាជនជាច្រើន មិនថាជាបទបែបមនោសញ្ចេតនា ឬ បទញាក់នោះទេ។
ពិតមែនហើយ បើនិយាយពីគូជីវិតវិញ តារាចម្រៀងស្រីមកពីខេត្តកំពង់ស្ពឺរូបនេះ ហាក់មិនសូវលេចឮដំណឹងមានអ្នកថ្នមបេះដូងនោះឡើយ ខណៈមិត្តរួមជំនាន់គេរៀបការសឹងអស់ទៅហើយ។ ហើយបើតាមការសង្កេតឃើញ គឺរាល់ពេល អ៊ីវ៉ា ចេញច្រៀងតាមកម្មវិធីម្តងៗ តែងតែមានវត្តមានឪពុករបស់នាងតាមមើលថែជានិច្ច។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ស្រាប់តែធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឆ្លើយតបទៅនឹងមិត្តរួមទ្រនំលោក កែវ វាសនា ដែលបានសួរថា៖ «ដឹងកាលយកប្តីទេចែ ល្មមហើយគេការអស់ហើយ»។ ហើយមិនបង្អង់យូរ អ៊ីវ៉ា ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Khin Sreyneath តបទៅវិញថា៖ «Comment ពិឃាតពេកហើយបង តិចការខែក្រោយអោយមើលឡូវនឹង ហាហា Keo Veasna»។
តែយ៉ាងណា ការសម្រេចជ្រើសរើសគូស្រករ ចូលរោងជ័យនៅពេលណាឲ្យពិតប្រាកដនោះ គឺហាក់នៅមន្សិលសង្ស័យនៅឡើយ ព្រោះថាការបង្ហោះសារនៅពេលនេះ អ៊ីវ៉ា គ្រាន់តែនិយាយលេងសើចជាមួយលោក កែវ វាសនា តែប៉ុណ្ណោះ ដែលធ្វើឲ្យហ្វេនៗជជីកសួរ Idol អ៊ីវ៉ា ព្រោងព្រាត ព្រោះគ្រប់គ្នាពិតជាចង់ឃើញរូបនាងបង្ហាញគូស្នេហ៍ពិត និងប្រកាសពីថ្ងៃជ័យ៕ រក្សាសិទ្ធដោយ៖ លឹម ហុង