កាលពីថ្ងៃម្សិលមិញ វាជាលើកទីពីរហើយដែលមានការជួញដូរតាមការចរចាកើតឡើងលើសញ្ញាបណ្ណរបស់ធនាគារភ្នំពេញពាណិជ្ជ (PPCB)។
ក្នុងនោះ ទំហំជួញដូរលើសញ្ញាបណ្ណធនាគារភ្នំពេញពាណិជ្ជ ម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០២០-២០២៣ លេខ២ មានចំនួន ២០.០០០ឯកតា ដែលគិតជាទឹកប្រាក់ស្មើនឹង ២ ប៊ីលានរៀល ឬ ជិត ៥០ម៉ឺនដុល្លារអាមេរិក។
គួររំលឹកផងដែរថា ការជួញដូរលើកទីមួយលើសញ្ញាបណ្ណធនាគារភ្នំពេញពាណិជ្ជម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០២០-២០២៣ លេខ១ នៅចុងខែវិច្ឆិកា មានចំនួន៤,២ប៊ីលានរៀល។
ដោយឡែកការជួញដូរភាគហ៊ុនក្នុងម្សិលមិញវិញ គេសង្កេតឃើញថា ទឹកប្រាក់ទំហំជួញដូរសរុបបានធ្លាក់ប្រមាណ៣១% មកត្រឹម១៥៤,៣៨លានរៀល តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សន្ទស្សន៍ ផ.ម.ក. ក៏បានធ្លាក់បន្តិចបន្តួច គឺ០,១%ផងដែរ ដែលបានបិទត្រឹម៦៤៤,៤៣ពិន្ទុ។
ភាគហ៊ុនចំនួន ៤ ក្នុងចំណោម ៧ ដែលរួមមាន PWSA PPAP PPSP និងPEPC បានចុះមកនៅត្រឹម ៥.៧០០៛ ១១.៦២០៛ ១.៥៩០៛ និង៣.០០០៛។ ខណៈដែលភាគហ៊ុនPAS បានឡើងដល់១៣.៨០០៛ ភាគហ៊ុនGTI និងABCបានរក្សាលំនឹងថេរដដែល៕ រក្សាសិទ្ធិដោយ ៖ CEN